ភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោយចូលរួមរត់ ក្នុងទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១៣ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្ញើសារទៅកាន់ប្រជាពលរដ្ឋ អំពីការរៀបចំពីពិធីដង្ហែរថ្មើរជើង គាំទ្ររាជរដ្ឋាភិបាល និងកងទ័ពជួរមុខ ចំពោះការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដែលនឹងរៀបចំនៅ១៨ ខែមិថុនា សប្ដាហ៍ក្រោយ។
ឯកឧត្ដមប្រធាន ស.ស.យ.ក បានបញ្ជាក់ថា ពិធីដង្ហែថ្មើរជើងនេះ ជួបជុំគ្នានៅកោះពេជ្រ និងឆ្ពោះទៅវិមានឯករាជ្យដើម្បីបង្ហាញឆន្ទៈ ទឹកចិត្ត ស្មារតីគាំទ្ររាជរដ្ឋាភិបាលក្នុងជំហរដោះស្រាយបញ្ហាដោយសន្តិវិធីដើម្បីការពារភាពត្រឹមត្រូវ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ថ្ងៃទី១៨ ខែមិថុនានេះ។
សូមញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញចូលរួមរត់ ២១គីឡូម៉ែត្រ ក្នុងទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១៣ អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ៕
