សាកសពមនុស្សយ៉ាងហោច ២៧៩នាក់ ត្រូវបានរកឃើញ ក្រោយយន្តហោះក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាដែលធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស បានធ្លាក់នៅទីក្រុងភាគខាងលិច Ahmedabad ប្រទេសឥណ្ឌា ស្របពេលដែលក្រុមជួយសង្រ្គោះបន្តប្រតិបត្តិការរុករកនៅកន្លែងជួបគ្រោះមហន្តរាយអាកាសចរណ៍ដ៏អាក្រក់បំផុតរបស់ឥណ្ឌា ។
យន្តហោះ Boeing 787 Dreamliner ដែលផ្ទុកមនុស្ស ២៤២នាក់ បានបាត់បង់រយៈកម្ពស់ ប៉ុន្មានវិនាទី ក្រោយហោះឡើងកាលពីថ្ងៃព្រហស្បតិ៍ និងបានធ្លាក់លើតំបន់រស់នៅរបស់អ្នកស្រុក ដោយបានសម្លាប់មនុស្សទាំងអស់ នៅរស់តែម្នាក់នៅលើយន្តហោះ និងបានសម្លាប់មនុស្សជាង ២០នាក់ទៀតនៅលើដី ។

លោក Dhaval Gameti គឺជាគ្រូពេទ្យនៅមន្ទីរពេទ្យស៊ីវិល ស្ថិតក្នុងទីក្រុង Ahmedabad និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន APកាលពីថ្ងៃសៅរ៍ថា មកទល់នឹងពេលនេះពួកយើងទទួលបានសាកសពមនុស្ស ចំនួន ២៧៩នាក់ ។
លោកបន្តថា ភាគច្រើននៃសាកសពបានរលាកភ្លើង ហើយក្រុមអាជ្ញាធរក្នុងស្រុក កំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណពួកគេដោយផ្គូរផ្គងជាមួយសំណាក DNA ខណៈសាច់ញាតិរបស់ពួកគេ រង់ចាំទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕
