មនុស្សយ៉ាងហោច ១០០នាក់ ត្រូវបានសម្លាប់នៅភាគខាងជើងនីហ្សេរីយ៉ា បន្ទាប់ពីការវាយប្រហារកាលពីយប់កន្លងទៅដោយក្រុមខ្មាន់កាំភ្លើង ស្របពេលដែលក្រុមលើកលែងទោសអន្តរជាតិ អំពាវនាវឲ្យរដ្ឋាភិបាលចាត់វិធានការបញ្ចប់ការបង្ហូរឈាមស្លាប់មនុស្សច្រើនបំផុតរាល់ថ្ងៃបែបនេះ នៅរដ្ឋ Benue ។
យោងតាមការអះអាងរបស់ក្រុមលើកលែងទោសអន្តរជាតិ បានឲ្យដឹងថា មនុស្សយ៉ាងហោច ១០០ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន នៅទីក្រុង Yelwata រដ្ឋ Benue បន្ទាប់ពីការវាយប្រហារកាលពីយប់រំលងអធ្រាត្រថ្ងៃសុក្រ ឈានដល់ព្រឹកថ្ងៃសៅរ៍ ។

ពួកគេបានកត់ត្រាឯកសារការវាយប្រហារកើនឡើងទូទាំងរដ្ឋ Benue ជាទីដែលក្រុមខ្មាន់កាំភ្លើងសម្លាប់មនុស្សដោយឥតញញើតដៃ ។
ក្រុមសិទ្ធិមនុស្សមួយនេះ និយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា ការវាយប្រហារទាំងអស់នេះ បណ្តាលឲ្យមានការជម្លៀសខ្លួនទ្រង់ទ្រាយធំ និងអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខស្បៀង ខណៈភាគច្រើននៃជនរងគ្រោះ គឺជាកសិករ ។
ពួកគេបន្តថា ការខកខានរបស់ក្រុមអាជ្ញាធរនីហ្សេរីយ៉ា ក្នុងការទប់ស្កាត់អំពើហិង្សា បណ្តាលឲ្យបាត់បង់ជីវិតមនុស្ស និងប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយបើគ្មានវិធានការទេនោះ មនុស្សជាច្រើនទៀត អាចនឹងត្រូវស្លាប់ ។
លោក Tersoo Kula គឺជាអ្នកនាំពាក្យការិយាល័យអភិបាលរដ្ឋ Benue និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPកាលពីព្រឹកថ្ងៃសៅរ៍ថា ការវាយប្រហារនេះ ចំណាយពេលប្រហែល ២ម៉ោង ហើយផ្ទះជាច្រើនខ្នង ត្រូវបានដុតកម្ទេចចោល ៕
