ក្បួនព្យុហយាត្រាយោធាដែលទន្ទឹងរង់ចាំជាយូរមកហើយរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រព្រឹត្តឡើងនៅតាមដងផ្លូវនានានៃទីក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីថ្ងៃសៅរ៍ (១៤ មិថុនា) ប៉ុន្តែទិវាខួបលើកទី២៥០ របស់កងទ័ពសហរដ្ឋអាមេរិកមួយនេះ ត្រូវបានប្រារព្ធឡើងអមដោយថ្ងៃនៃអំពើហិង្សា និងការមិនចុះសម្រុងគ្នា ជាមួយនឹងបាតុកម្មទូទាំងប្រទេស។

នៅប៉ុន្មានម៉ោងមុនក្បួនដង្ហែយោធាចាប់ផ្តើម ប្រជាជនអាមេរិករាប់សែននាក់ បានដើរបាតុកម្ម និងប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងទីក្រុងនានារាប់ចាប់ពីទីក្រុង New York ទៅទីក្រុង Chicago និងទៅកាន់ទីក្រុង Los Angeles ដោយតវ៉ាប្រឆាំងនឹងសកម្មភាពរបស់លោក Trump នៅពេលកំពុងកាន់តំណែង នៅក្នុងការតវ៉ាបែបនេះដ៏ធំបំផុត ចាប់តាំងពីលោកឡើងកាន់អំណាចក្នុងខែមករាមក។
ក្បួនព្យុហយាត្រា ដែលកើតឡើងចំថ្ងៃខួបកំណើតគម្រប់ ៧៩ឆ្នាំរបស់លោក Trump បានចាប់ផ្តើមលឿនជាងការរំពឹងទុក ជាមួយនឹងព្យុះផ្គររន្ទះត្រូវបានព្យាករនៅក្នុងតំបន់វ៉ាស៊ីនតោន។ រថក្រោះ យានពាសដែក និងកាំភ្លើងធំ បានធ្វើដំណើរក្នុងក្បួនដង្ហែរតាមវិថីរដ្ឋធម្មនុញ្ញ ដែលជាទិដ្ឋភាពដ៏មិនធម្មតាមួយនៅក្នុងសហរដ្ឋអាមេរិក ខណៈការដាក់បង្ហាញកម្លាំងយោធាបែបនេះកម្រមានណាស់។
លោក Trump បានប្រាប់ហ្វូងមនុស្ស បន្ទាប់ពីក្បួនដង្ហែថា៖ «គ្រប់ប្រទេសផ្សេងទៀតកំពុងអបអរជ័យជម្នះរបស់ពួកគេ ដូច្នេះដល់ពេលហើយដែលអាមេរិក ធ្វើបែបនោះដែរ"។ អ្នកទស្សនារាប់ពាន់នាក់តម្រង់ជួរតាមផ្លូវមើលពិធីដ៏អ៊ូរអរមួយនេះ។ អំឡុងពេលនោះ អ្នកប្រឆាំងមួយចំនួនរបស់ប្រធានាធិបតីរូបនេះ ក៏ជ្រៀតចូលតាមផ្លូវក្បួនដង្ហែដោយកាន់ស្លាកសញ្ញាតវ៉ា ហើយបាតុករផ្សេងទៀត ត្រូវបាននគរបាលក្នុងតំបន់ទប់ទល់មិនឱ្យចូលដល់ពិធី៕



