រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអូម៉ង់ លោក Badr Albusaidi បាននិយាយកាលពីថ្ងៃសៅរ៍ (១៤ មិថុនា) ថា ជុំចុងក្រោយលើកទី៦ នៃកិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលគ្រោងធ្វើនៅថ្ងៃអាទិត្យ ១៥ មិថុនា នេះ នៅទីក្រុង Muscat នឹងមិនប្រព្រឹត្តទៅនោះទេ។ គួរឱ្យដឹងថា អូម៉ង់បាននិងកំពុងសម្រុះសម្រួលការចរចា ដែលស្វះស្វែងរកកិច្ចព្រមព្រៀងមួយដើម្បីបញ្ឈប់អ៊ីរ៉ង់ ពីការផលិតគ្រប់បែកនុយក្លេអ៊េរ។
សេចក្តីថ្លែងការណ៍របស់លោក Albusaidi បានកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ៊ីស្រាអែល បើកការវាយលុកតាមអាកាសដ៏ខ្លាំងក្លាបំផុតប្រឆាំងនឹងអ៊ីរ៉ង់ ដោយសម្លាប់ប្រមុខបញ្ជាការ និងអ្នកវិទ្យាសាស្ត្រជាច្រើន ព្រមទាំងទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់ទៅលើទីតាំងនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ក្នុងគោលបំណងដែលបានបញ្ជាក់រួចហើយថាគឺដើម្បីបញ្ឈប់អ៊ីរ៉ង់ មិនឱ្យបង្កើតអាវុធនុយក្លេអ៊ែរ។

មន្ត្រីជាន់ខ្ពស់មួយរូបនៃរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា កិច្ចពិភាក្សាក្នុងថ្ងៃអាទិត្យនេះត្រូវលុបចោលហើយ។ មន្រ្តីរូបនោះបន្តថា ទោះយ៉ាងនេះក្ដី ទីក្រុងវ៉ាស៊ីនតោន នៅតែប្ដេជ្ញាចិត្តក្នុងការចរចា និងសង្ឈឹមថា "ភាគីអ៊ីរ៉ង នឹងទៅកាន់តុពិភាក្សាឱ្យបានឆាប់បំផុត"។
អ៊ីរ៉ង់និយាយថា ការសន្ទនាជាមួយអាមេរិក ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ គឺ "គ្មានន័យទេ" បន្ទាប់ពីការវាយប្រហារយោធាដ៏ធំបំផុតមិនធ្លាប់មានរបស់អ៊ីស្រាអែល ប្រឆាំងនឹងសត្រូវដ៏យូរអង្វែងរបស់ខ្លួន ប៉ុន្តែក៏និយាយថា ខ្លួននៅមិនទាន់សម្រេចចិត្តឡើយថា តើត្រូវចូលរួមកិច្ចពិភាក្សាដែលគ្រោងទុកនៅថ្ងៃអាទិត្យនេះ ឬយ៉ាងណា៕


