ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃអាទិត្យ (១៥ មិថុនា) នេះ បានចេញការព្រមានខ្លាំងៗមួយសម្រាប់អ៊ីរ៉ង់ ខណៈប្រទេសនៅអាស៊ីខាងលិចមួយនេះបានឈានចូលថ្ងៃទីបីនៃការវាយប្រហារឆ្លងព្រំដែនតបតទៅវិញទៅមករបស់ខ្លួនជាមួយអ៊ីស្រាអែល។

លោក Trump បានព្យាយាមទាញរដ្ឋបាលរបស់លោកឱ្យឆ្ងាយពីការវាយប្រហារដែលធ្វើឡើងដោយអ៊ីស្រាអែល ឆ្ពោះទៅកាន់ទីក្រុងតេអេរ៉ង់ ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោន មិនមានតួនាទីអ្វីក្នុងល្បែងជម្លោះដែលកំពុងកើនឡើងនេះទេ។ លោក Trump បាននិយាយក្នុងការបង្ហោះលើបណ្ដាញសង្គម Truth Social ថា៖ "សហរដ្ឋអាមេរិក មិនជាប់ពាក់ព័ន្ធនឹងការវាយប្រហារលើអ៊ីរ៉ង់ទេ"។
យ៉ាងណាមិញ លោក Trump ក៏បានចេញការព្រមានខ្លាំងៗសម្រាប់អ៊ីរ៉ង់ ដោយលើកឡើងថា "ប្រសិនបើអាមេរិក ត្រូវបានវាយប្រហារតាមមធ្យោបាយ រូបរាង ឬទម្រង់ណាមួយដោយអ៊ីរ៉ង់ នោះកម្លាំងយ៉ាងខ្លាំងក្លា និងទំហំដ៏ធំនៃកងកម្លាំងប្រដាប់អាវុធអាមេរិក នឹងវាយបកទៅវិញក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក"។
លើសពីនេះ លោកក៏បានស្នើសម្របសម្រួលកិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ហើយអាច "បញ្ចប់ជម្លោះដ៏បង្ហូរឈាមនេះយ៉ាងងាយ" ខណៈកំណើនភាពតានតឹងនាពេលបច្ចុប្បន្នរបស់ប្រទេសទាំងពីរ បានគំរាមកំហែងដល់ការប្រែក្លាយទៅជាសង្រ្គាមពេញបន្ទុកនៅក្នុងតំបន់៕


