ក្រុមសកម្មប្រយុទ្ធហ៊ួទី របស់ប្រទេសយេម៉ែន ដែលជាសម្ព័ន្ធមិត្តនឹងអ៊ីរ៉ង់ បាននិយាយនៅថ្ងៃអាទិត្យ (១៥ មិថុនា) នេះថា ពួកគេបានបាញ់មីស៊ីលបាលីស្ទិកដាក់គោលដៅលើអ៊ីស្រាអែល នៅក្នុងការសម្របសម្រួលជាមួយអ៊ីរ៉ង់ ដែលជាលើកទីមួយហើយដែលក្រុមគាំទ្រដោយអ៊ីរ៉ង់មួយនេះបានប្រកាសជាសាធារណៈនូវកិច្ចសហប្រតិបត្តិការរួមគ្នាលើការវាយប្រហារជាមួយទីក្រុងតេអេរ៉ង់។
អ្នកនាំពាក្យយោធារបស់ក្រុម ឈ្មោះ Yehya Sarea បាននិយាយក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ក្រុមយេម៉ែនមួយនេះ បានកំណត់គោលដៅលើកោះ Jaffa ភាគកណ្តាលរបស់អ៊ីស្រាអែល ជាមួយនឹងមីស៊ីលបាលីស្ទិកជាច្រើនគ្រាប់ក្នុងពេល ២៤ម៉ោងចុងក្រោយនេះ។

អ្នកនាំពាក្យរូបនេះបន្ថែមថា "ដើម្បីជ័យជម្នះសម្រាប់ប្រជាជនប៉ាឡេស្ទីន និងអ៊ីរ៉ង់ ដែលត្រូវបានគៀបសង្កត់ ប្រតិបត្តិការនេះត្រូវបានសម្របសម្រួលជាមួយប្រតិបត្តិការដែលធ្វើឡើងដោយកងទ័ពអ៊ីរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល"។
នៅមុននោះ យោធាអ៊ីស្រាអែលនិយាយថា ស៊ីរ៉ែនប្រកាសអាសន្នបន្លឺឡើងនៅតំបន់ជាច្រើនក្នុងប្រទេស បន្ទាប់ពីការបាញ់មីស៊ីលពីអ៊ីរ៉ង់ និងយេម៉ែន។ គួរឱ្យដឹងថា ក្រុមហ៊ួទីនេះ បើកការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល ដែលភាគច្រើនត្រូវបានស្ទាក់ចាប់ នៅក្នុងអ្វីដែលពួកគេនិយាយថា ជាការគាំទ្រសម្រាប់ប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា កំឡុងសង្គ្រាមអ៊ីស្រាអែល និងហាម៉ាសនៅទីនោះ ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ លើអ៊ីស្រាអែល៕

