ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃសៅរ៍ (១៤ មិថុនា) ថា កងកម្លាំងទីក្រុងគីវ បានវាយដណ្តើមយកភូមិ Andriivka ក្នុងតំបន់ Sumy ភាគឦសាន ដែលជាផ្នែកមួយនៃប្រតិបត្តិការវាយរុញដើម្បីបណ្តេញកងកម្លាំងរុស្ស៊ី ចេញពីតំបន់នោះ ហើយក៏បានបញ្ឈប់ការវាយរុលរបស់កម្លាំងទីក្រុងមូស្គូ។
លោក Zelenskiy កាលពីសប្តាហ៍មុន បានផ្តោតលើអ្វីដែលលោកពិពណ៌នាថាជាកិច្ចប្រឹងប្រែងមួយដើម្បីរុញច្រានកងកម្លាំងរុស្ស៊ី ចេញពីតំបន់ Sumy ជាមួយនឹងតំបន់ព្រំដែននានាត្រូវគ្របដណ្ដប់ដោយការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ខណៈរុស្ស៊ី បានបញ្ជូនទ័ពចំនួន ៥៣.០០០នាក់ ទៅក្នុងតំបន់នោះ។

លោក Zelenskiy បាននិយាយក្នុងសុន្ទរកថាវីដេអូពេលយប់មួយថា "ផ្អែកលើការវិវឌ្ឍថ្មីៗ ទាហាននៃកងវរសេនាធំវាយលុកដាច់ដោយឡែកទី២២៥ បានប្រតិបត្តិការវាយបកនៅក្នុងតំបន់ Sumy និងរំដោះបានភូមិ Andriivka"។ កាលពីថ្ងៃសៅរ៍ដដែលនេះ លោក Zelenskiy និយាយថា កងកម្លាំងអ៊ុយក្រែន បានបញ្ឈប់ទាហានរុស្ស៊ី ដែលកំពុងវាយរុលទៅមុខក្នុងតំបន់ Sumy ហើយកំពុងប្រយុទ្ធដើម្បីដណ្តើមការគ្រប់គ្រងឡើងវិញនៅតាមព្រំដែន។
គួរឱ្យដឹងថា កងទ័ពរុស្ស៊ី បាននិងកំពុងផ្តោតការវាយលុករបស់ពួកគេនៅក្នុងតំបន់ Donetsk ភាគខាងកើត ដោយមានក្រុង Pokrovsk ជាគោលដៅជាក់លាក់មួយ។ ប៉ុន្តែចាប់តាំងពីដើមខែនេះមក ពួកគេបានបង្កើនការវាយប្រហារនៅភាគឦសាន ដោយប្រកាសពីផែនការបង្កើតនូវអ្វីដែលហៅថា "តំបន់ទ្រនាប់" នៅក្នុងតំបន់ Sumy និង Kharkiv របស់អ៊ុយក្រែន៕


