រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កំពុងពិចារណាលើការអនុវត្តការរឹតត្បិតធ្វើដំណើរទៅកាន់ប្រទេសចំនួន ៣៦បន្ថែមទៀត រួមទាំងដៃគូសំខាន់ៗមួយចំនួនរបស់សហរដ្ឋអាមេរិក ដូចជាអេហ្ស៊ីប និងជីប៊ូទីជាដើម នេះបើយោងតាមអនុស្សរណៈផ្ទៃក្នុង ដែលមើលឃើញដោយកាសែត The Washington Post។
អនុស្សរណៈ ដែលចុះហត្ថលេខាដោយរដ្ឋមន្រ្តីការបរទេស លោក Marco Rubio និងបានផ្ញើទៅអ្នកការទូតសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ (១៤ មិថុនា) នោះបាននិយាយថា រដ្ឋាភិបាលនៃប្រទេសដែលស្ថិតបញ្ជីហាមប្រាមធ្វើដំណើរទាំងនោះ មានពេល ៦០ថ្ងៃ ដើម្បីបំពេញតាមចំណុចតម្រូវថ្មី ដែលបង្កើតឡើងដោយក្រសួងការបរទេស។

ក្រសួងការបរទេសបានចោទថា ប្រទេសមួយចំនួនដែលលើកឡើងនោះ មិនបំពេញតាមស្តង់ដារផ្សេងៗ ដូចជា “ពុំមានអាជ្ញាធររដ្ឋាភិបាលកណ្តាលដែលមានសមត្ថភាព ឬសហការ” ដើម្បីផ្តល់ឯកសារអត្តសញ្ញាណអាចទុកចិត្តបាន ឬប្រជាពលរដ្ឋមួយចំនួនធំ បានបំពានលក្ខខណ្ឌនៃទិដ្ឋាការរបស់ពួកគេ។
យ៉ាងណាក៏ដោយ អនុស្សរណៈនេះរួមបញ្ចូលការព្រមានមួយថា៖ “ប្រសិនបើប្រទេសមួយមានឆន្ទៈក្នុងការទទួលយកជនជាតិទីបីដែលត្រូវដកចេញពីអាមេរិក នោះខ្លួននឹងទទួលបានការបន្ធូរបន្ថយលើកង្វល់ផ្សេងទៀត”។ បញ្ជីនៃបណ្តាប្រទេសដែលអាចប្រឈមមុខនឹងការរឹតបន្តឹងទិដ្ឋាការ ការហាមឃាត់ការធ្វើដំណើរ ឬការរឹតបន្តឹងផ្សេងទៀត រួមមាន ២៥ប្រទេសនៅទ្វីបនៅអាហ្វ្រិក និងផ្សេងទៀតមកពីតំបន់សមុទ្រការ៉ាអ៊ីប និងអាស៊ីផងដែរ។
ប្រទេសទាំងនោះមានពេលរហូតដល់ម៉ោង ៨ព្រឹក ថ្ងៃពុធសប្ដាហ៍ក្រោយ ដើម្បីផ្តល់ឱ្យក្រសួងការបរទេសនូវផែនការសកម្មភាពដំបូង ដើម្បីបំពេញតាមតម្រូវការថ្មី៕

