ក្រុមមន្ត្រីបាននិយាយថា មនុស្សទាំង ៧នាក់ នៅលើឧទ្ធម្ភាគចក្រមួយគ្រឿងនៅភាគខាងជើងប្រទេសឥណ្ឌា ត្រូវបានសម្លាប់នៅព្រឹកថ្ងៃអាទិត្យ (១៥ មិថុនា) នេះ នៅពេលយន្តហោះខ្នាតតូចនោះបានធ្លាក់ ខណៈកំពុងដឹកអ្នកដំណើរនៅតាមផ្លូវធម្មយាត្រាហិណ្ឌូដ៏ពេញនិយមនៅក្នុងរដ្ឋ Uttarakhand តំបន់ភ្នំហិម៉ាឡៃ។
ប្រធានមន្ទីរព័ត៌មានរដ្ឋ លោក Bansidhar Tripathi បាននិយាយថា ឧទ្ធម្ភាគចក្រនេះកំពុងធ្វើដំណើរទៅកាន់ Guptkashi ពីទីសក្ការបូជា Kedarnath។ លោក Tripathi បន្តថា រដ្ឋាភិបាលប្រចាំរដ្ឋ Uttarakhand បានបញ្ជាឱ្យសេវាឧទ្ធម្ភាគចក្រ ដែលទៅកាន់ជ្រលង Kedarnath ឱ្យផ្អាករហូតដល់ថ្ងៃចន្ទ ១៦ មិថុនា ដោយសារអាកាសធាតុអាក្រក់។

លោកបន្ថែមថា មានការចុះចតជាបន្ទាន់ចំនួន ៣លើក និងការធ្លាក់ឧទ្ធម្ភាគចក្រពីរគ្រឿងនៅលើផ្លូវដូចគ្នាកាលពីជាងមួយខែកន្លងទៅ។ រដ្ឋមន្រ្តីប្រចាំរដ្ឋ លោក Pushkar Singh Dhami បានបង្ហោះលើបណ្ដាញសង្គម X ថា "ដំណឹងដ៏ក្រៀមក្រំបំផុតមួយត្រូវបានទទួលអំពីការធ្លាក់ឧទ្ធម្ភាគចក្រនៅស្រុក Rudraprayag"។
ក្រសួងអាកាសចរណ៍ស៊ីវិលឥណ្ឌា បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ឧទ្ធម្ភាគចក្រ Bell 407 មួយគ្រឿងនោះ ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Aryan Aviation បានហោះឡើងនៅម៉ោង ៥:១៩នាទីព្រឹក (ម៉ោងក្នុងស្រុក)។ លោក Dhami បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានបញ្ជាឱ្យមានការស៊ើបអង្កេតលើមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនេះ៕


