អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបើកការវាយប្រហារថ្មីៗលើគ្នាទៅវិញទៅមកពេញមួយយប់ឈានចូលថ្ងៃទីបីនៅថ្ងៃអាទិត្យ (១៥ មិថុនា) នេះ ខណៈកាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានថា យុទ្ធនាការរបស់ខ្លួននឹងកាន់តែខ្លាំងក្លា បន្ទាប់ពីទីក្រុងតេអេរ៉ង់ បានលុបចោលកិច្ចចរចានុយក្លេអ៊ែរជុំទី៦ ដែលទីក្រុងវ៉ាស៊ីនតោន បានហៅថាជាមធ្យោបាយតែមួយគត់ដើម្បីបញ្ឈប់ការទម្លាក់គ្រាប់បែក។
បន្ទាប់ពីអ៊ីស្រាអែល បានលុបបំបាត់មេបញ្ជាការយោធាជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើន ជាមួយនឹងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើសត្រូវដ៏យូរលង់របស់ខ្លួន អ៊ីស្រាអែលបានបន្តវាយប្រហារឧស្សាហកម្មប្រេង និងឧស្ម័នរបស់អ៊ីរ៉ង់ ជាលើកដំបូង ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ រាយការណ៍ពីការឆាបឆេះនៅមូលដ្ឋានឧស្ម័ន។

លោក Netanyahu បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានបង្អាក់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលធ្វើឱ្យកម្មវិធីនោះដើរថយក្រោយជាច្រើនឆ្នាំ ហើយបានច្រានចោលការអំពាវនាវអន្តរជាតិឱ្យមានការអត់ធ្មត់។ នៅក្នុងសារជាវីដេអូមួយ លោក Netanyahu ព្រមានថា "អ៊ីស្រាអែល នឹងវាយលុកគ្រប់ទីតាំង និងគ្រប់គោលដៅនៃរបបលោក Ayatollah ហើយអ្វីកើតឡើងរហូតមកដល់ពេលនេះ គឺមិនអាចប្រៀបធៀបនឹងអ្វីដែលបន្តកើតឡើងថ្ងៃខាងមុខទេ"។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានសាទរការវាយប្រហាររបស់អ៊ីស្រាអែល និងបានព្រមានអ៊ីរ៉ង់ ពីសកម្មភាពដែលកាន់តែអាក្រក់ជាងនេះ។ លោក Trump និយាយថា មិនទាន់យឺតពេលទេក្នុងការបញ្ឈប់យុទ្ធនាការរបស់អ៊ីស្រាអែល ប៉ុន្តែលុះត្រាតែទីក្រុងតេអេរ៉ង់ ទទួលយកការទម្លាក់កម្រិតនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ក្នុងកិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន ដែលបានគ្រោងទុកសម្រាប់ថ្ងៃអាទិត្យនេះ ប៉ុន្តែក៏ត្រូវបានលុបចោលវិញ៕

