ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជូនមជ្ឈមណ្ឌលការងារចល័តរបស់ខ្លួន ទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីទទួលចុះឈ្មោះបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ ហើយមានបំណងចង់បានឱកាសការងារភ្លាមៗ ក៏ដូចជាការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី១៥ ខែមិថុនានេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តមហេង សួរ បានគូសបញ្ជាក់ថា ក្រសួង មានយន្តការគ្រប់គ្រាន់ និងមានលទ្ធភាពសមរម្យគ្រប់គ្រាន់ ដើម្បីផ្តល់ឱកាសការងារជូនបងប្អូនពលករខ្មែរដែលមានបំណង និងបានត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងទៀតថា ក្រៅពីការផ្ដល់ឱកាសការងារហើយនោះក្រសួងក៏បានត្រៀមរៀបចំរួចរាល់។ ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈទៅ ដល់ប្រជាពលរដ្ឋកម្ពុជាជាទូទៅ និងពលករជាពិសេសផងដែរ។
គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ កម្ពុជាមានឱកាសការងារនៅទូទាំងប្រទេសប្រមាណ២៣ ម៉ឺនកន្លែង។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕









