សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះបានចេញសារពិសេសខ្លីមួយ ដោយណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំងអស់ ធ្វើយ៉ាងណាផ្តល់សេវា និងធ្វើការសម្របសម្រួលចាំបាច់នានា ជូនដល់បងប្អូនពលករខ្មែរ ដែលមានបំណងត្រឡប់មកកម្ពុជាវិញ បើទោះបីជាពួកគាត់មានឯកសារ ឬមិនមានឯកសារត្រឹមត្រូវក៏ដោយនោះ។

តាមរយៈសារដែលបានបង្ហោះក្នុងបណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ឲ្យតែបងប្អូនប្រជាពលរដ្ឋខ្មែរ បើទោះបីជាពួកគាត់មាន ឬគ្មានឯកសារក្តី គឺត្រូវតែជួយសម្របសម្រួលឲ្យពួកគាត់វិលត្រឡប់មកវិញ ហើយដរាបណាដែលពួកគាត់វិលត្រឡប់មកវិញយ៉ាងកំហុកនោះ គឺត្រូវយករថយន្តដឹកពួកគាត់ដោយឥតគិតថ្លៃដល់ស្រុកកំណើតផងដែរ។
សម្តេចធិបតី បានបញ្ជាក់ថា«ជូនឯកឧត្តម ប្រាក់ សុខុន ឯកឧត្តម ហេង សួរ ដោយមានការសំណូម ពរ និងសំណើរជាច្រើនរបស់បងប្អូនពលករយើង ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ដែលចង់ វិលត្រឡប់មកកម្ពុជារបស់យើង ដោយបងប្អូនខ្លះមានបញ្ហាឯកសារ អញ្ចឹងហើយសូមឯកឧត្តមឲ្យគោលការណ៍ទៅស្ថានទូតរបស់យើងនៅថៃ នៅទីក្រុងបាងកក ក៏ដូចជាកុងស៊ុលរបស់យើងនៅខេត្តស្រះកែវ និង នៅកន្លែងផ្សេងៗទៀតដែលមានកុងស៊ុល គឺធ្វើយ៉ាងណាឲ្យសម្រួលឯកសារឲ្យគាត់ ដើម្បីបានប្រឡប់មក វិញ ហើយទីប្រឹក្សាពលកររបស់យើងនៅទីនោះក៏ខិតខំសហការជាមួយស្ថានទូត ដើម្បីជួយសម្រួលដល់ បងប្អូនដែលត្រូវត្រឡប់មកកម្ពុជាវិញ»។
ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រាប់ដល់រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ខណៈដែលបងប្អូនពលករខ្មែរវិលត្រឡប់មកកម្ពុជាវិញនោះ គប្បីឆ្លៀត និងភ្ជាប់ពួកគាត់ ជាមួយនឹងឱកាសការងារនៅក្នុងស្រុកដែលកម្ពុជាយើងកំពុងខ្វះកម្លាំងពលកម្មនោះផងដែរ៕អត្ថបទ បាន ចក់