នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់ទូរទស្សន៍ Fox News នៅថ្ងៃអាទិត្យ (១៥ មិថុនា) ថា ការផ្លាស់ប្តូររបបនៅអ៊ីរ៉ង់ អាចជាលទ្ធផលនៃការវាយប្រហារយោធារបស់អ៊ីស្រាអែល លើប្រទេសនេះ ដោយសង្កត់ធ្ងន់ថា អ៊ីស្រាអែល នឹងធ្វើគ្រប់យ៉ាងដែលចាំបាច់ដើម្បីដក "ការគំរាមកំហែងដែលមានស្រាប់" បង្កឡើងដោយទីក្រុងតេអេរ៉ង់។

អ៊ីស្រាអែល បានបើក "ប្រតិបត្តិការតោងើប" (Operation Rising Lion) ជាមួយនឹងការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយកាលពីព្រឹកថ្ងៃសុក្រសប្ដាហ៍មុន ដែលបានលុបបំបាត់មេបញ្ជាការយោធាជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើន និងធ្វើឱ្យខូចខាតទីតាំងនុយក្លេអ៊ែររបស់ប្រទេសនេះ ហើយព្រមានថា យុទ្ធនាការយោធានឹងបន្តកាន់តែខ្លាំងនៅប៉ុន្មានថ្ងៃខាងមុខ។ អ៊ីរ៉ង់ ប្តេជ្ញាថានឹង "បើកទ្វារនរក" នៅក្នុងការសងសឹកតបតវិញ។
យោធាអ៊ីស្រាអែលនិយាយថា គោលដៅបច្ចុប្បន្ននៃយុទ្ធនាការនេះ មិនមែនជាការផ្លាស់ប្តូររបបទេ ប៉ុន្តែជាការរុះរើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់។ យ៉ាងណាមិញ នៅពេលត្រូវសាកសួរដោយ Fox News ថា តើការផ្លាស់ប្តូររបបជាផ្នែកមួយនៃកិច្ចប្រឹងប្រែងយោធារបស់អ៊ីស្រាអែលឬទេ លោក Netanyahu ឆ្លើយថា "អាចជាលទ្ធផលបែបនោះ ព្រោះរបបអ៊ីរ៉ង់ ទន់ខ្សោយណាស់"។
អ៊ីស្រាអែលនិយាយថា ប្រតិបត្តិការរបស់ខ្លួនអាចមានរយៈពេលច្រើនសប្តាហ៍ ហើយលោក Netanyahu បានជំរុញយ៉ាងបើកចំហដល់ប្រជាជនអ៊ីរ៉ង់ ឱ្យក្រោកឈរឡើងប្រឆាំងនឹងថ្នាក់ដឹកនាំអ៊ិស្លាមនិយមរបស់ពួកគេ។ អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបន្តការវាយប្រហារជាថ្មីលើគ្នាទៅមកពេញមួយយប់ថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សជាច្រើននាក់ និងបង្កើនការភ័យខ្លាចនៃជម្លោះកាន់តែទូលំទូលាយ៕

