ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកអាចចូលរួមក្នុងជម្លោះអ៊ីរ៉ង់ និងអ៊ីស្រាអែល ខណៈលោកបានបន្ថែមថា លោកនឹងបើកចំហចំពោះសមភាគីរុស្ស៊ីលោក Vladimir Putin ដើម្បីជួយសម្របសម្រួល។

យោងតាមសារព័ត៌មាន ABC News ប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះ ក៏បាននិយាយផងដែរថា ការពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុងបន្ត ហើយថាទីក្រុងតេអេរ៉ង់នឹងមានទំនោរចង់ធ្វើកិច្ចព្រមព្រៀងឥឡូវនេះ ស្របពេលសាធារណរដ្ឋអ៊ីស្លាមមួយនេះកំពុងបើកការវាយប្រហារដ៏ធំជាមួយអ៊ីស្រាអែល។
ពុំមានការបង្ហាញជាសាធារណៈអំពីការចរចាដែលកំពុងបន្តចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមការវាយលុករបស់ខ្លួនលើអ៊ីរ៉ង់កាលពីព្រឹកថ្ងៃសុក្រប្ដាហ៍មុន ហើយទីក្រុងតេអេរ៉ង់ បានលុបចោលកិច្ចពិភាក្សាជុំទីប្រាំមួយដែលបានគ្រោងទុកកាលពីថ្ងៃអាទិត្យជាមួយទីក្រុងវ៉ាស៊ីនតោន។
លោក Trump បាននិយាយក្នុងបទសម្ភាសន៍ជាមួយអ្នកឆ្លើយឆ្លងព័ត៌មាននយោបាយជាន់ខ្ពស់របស់ ទូរទស្សន៍ ABC News លោក Rachel Scott ថា អាចទៅរួចដែលអាមេរិកអាចចូលរួមក្នុងការប្រយុទ្ធដែលកំពុងបន្តនេះ។
លោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក មិនទាន់ជាប់ពាក់ព័ន្ធនឹងសកម្មភាពយោធានៅពេលនេះទេ។
លោក Trump មានជំហររឹងត្អឹងក្នុងការគាំទ្ររបស់លោកចំពោះការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ ចាប់តាំងពីបានចាប់ផ្តើមកាលពីថ្ងៃសុក្រសប្ដាហ៍មុនមក ដោយហៅការវាយប្រហារនេះថា "ល្អឥតខ្ចោះ"។ លោកក៏បាននិយាយផងដែរថា អាមេរិកបានដឹងយ៉ាងច្បាស់ជាមុនថាអ៊ីស្រាអែលនឹងវាយប្រហារ៕


