មន្ត្រីម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃអាទិត្យ (១៥ មិថុនា) ថា អ៊ីរ៉ង់ បានប្រាប់អ្នកសម្រុះសម្រួលកាតា និងអូម៉ង់ថា ខ្លួនមិនបើកចំហក្នុងការចរចាបទឈប់បាញ់នោះទេនៅពេលដែលកំពុងស្ថិតក្រោមការវាយប្រហាររបស់អ៊ីស្រាអែល ខណៈសត្រូវដ៏យូរអង្វែងទាំងពីរបានចាប់ផ្តើមការវាយប្រហារថ្មីៗដាក់គ្នា និងបង្កើនការភ័យខ្លាចនៃជម្លោះកាន់តែទូលំទូលាយ។
មន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារតែភាពរសើបនៃជម្លោះនោះបានប្រាប់ថា "ភាគីអ៊ីរ៉ង់ បានជូនដំណឹងដល់អ្នកសម្រុះសម្រួលកាតា និងអូម៉ង់ថា ពួកគេនឹងបន្តកិច្ចចរចាដ៏ម៉ឺងម៉ាត់ណាមួយ លុះត្រាតែអ៊ីរ៉ង់ បញ្ចប់ការឆ្លើយតបរបស់ខ្លួនចំពោះការវាយប្រហារមុនរបស់អ៊ីស្រាអែល"។
មន្ត្រីរូបនេះសង្កត់ធ្ងន់ថា "អ៊ីរ៉ង់ បានបញ្ជាក់ច្បាស់ៗរួចហើយថា ខ្លួននឹងមិនចរចាក្នុងពេលកំពុងរងការវាយប្រហារទេ"។ គួរឱ្យដឹងថា អ៊ីរ៉ង់បានប្តេជ្ញាថានឹង "បើកទ្វារនរក" នៅក្នុងការសងសឹកលើអ៊ីស្រាអែល ក្នុងអ្វីដែលលេចចេញជាការប្រឈមមុខដាក់គ្នាដ៏ធំបំផុតមិនធ្លាប់មានរវាងសត្រូវដ៏យូរលង់ទាំងពីរ។
អ៊ីស្រាអែលបានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃសុក្រសប្ដាហ៍មុន ដែលបានសម្លាប់មេបញ្ជាការយោធាជាន់ស្ពស់របស់អ៊ីរ៉ង់ជាច្រើន និងបានបំផ្លាញទីតាំងនុយក្លេអ៊ែររបស់ខ្លួន ហើយព្រមានថា យុទ្ធនាការនេះនឹងបន្តកើនឡើងកាន់តែខ្លាំងនៅក្នុងប៉ុន្មានថ្ងៃខាងមុខ៕