កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៥៩ នាក់នៅទូទាំងតំបន់ហ្កាហ្សា យ៉ាងហោចណាស់ ១៧ នាក់ដែលកំពុងព្យាយាមស្វែងរកអាហារនៅកន្លែងផ្តល់ជំនួយដំណើរការដោយសហរដ្ឋអាមេរិក និងមូលនិធិមនុស្សធម៌ហ្កាហ្សាគាំទ្រដោយអ៊ីស្រាអែល(GHF) ជាការស្លាប់ចុងក្រោយនៅក្នុងតំបន់ដែលក្រុមអ្នករិះគន់បានហៅថាជាទីសត្តឃាតមនុស្ស ។

គ្រូពេទ្យនៅមន្ទីរពេទ្យ al-Awda នៅកណ្តាលដែនដីហ្កាហ្សាកាលពីថ្ងៃអាទិត្យបានប្រាប់សារព័ត៌មាន Al Jazeera ថាមនុស្សយ៉ាងហោចណាស់៣ នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់រងរបួសដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល ខណៈពួកគេព្យាយាមចូលទៅជិតទីតាំងចែកចាយជំនួយមូលនិធិមនុស្សធម៌ហ្កាហ្សា នៅជិតច្រករបៀង Netzarim ទាំងអស់សង្ឃឹមក្នុងការស្វែងរកអាហារសម្រាប់គ្រួសារស្រេកឃ្លានរបស់ពួកគេ។
យ៉ាងហោចណាស់អ្នកស្វែងរកជំនួយ១០ នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថាបានស្លាប់ និងជាង ៥០ នាក់បានរងរបួសនៅតំបន់ហ្កាហ្សាភាគខាងត្បូង។ អ្នកស្លាប់ និងរបួសជាច្រើននាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាកបាទក្រហមក្នុងទីក្រុង Rafah នេះបើយោងតាមក្រុមគ្រូពេទ្យ។
អ្នកសារព័ត៌មានAl Jazeera មកពីតំបន់ Deir el-Balah នៅភាគកណ្តាលដែនដីហ្កហ្សាបានរាយការណ៍ថា មនុស្សបានប្រាប់ពួកគេថាយោធាអ៊ីស្រាអែលមិនបានព្រមានហ្វូងមនុស្សដែលកំពុងស្រេកឃ្លានមុនពេលបើកការបាញ់ប្រហារលើពួកគេ ដែលនាំឱ្យមានការបំផ្លិចបំផ្លាញដល់ជនស៊ីវិលនោះឡើយ ។ការវាយឆ្មក់តាមអាកាសជាច្រើនរបស់អ៊ីស្រាអែលក៏បានវាយលុកតំបន់ហ្កាហ្សាភាគខាងត្បូងផងដែរកាលពីថ្ងៃអាទិត្យដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១២ នាក់នៅទីនោះ។ ក្រុមគ្រូពេទ្យបាននិយាយថា មនុស្ស ៧ នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅពេលការវាយប្រហាររបស់អ៊ីស្រាអែលបានដាក់គោលដៅលើក្រុមមនុស្សក្នុងក្រុងតំបន់ Beit Lahiya ភាគខាងជើងនៃទឹកដីរងការឡោមព័ទ្ធនេះ៕

