វិទ្យាស្ថានស្រាវជ្រាវរបស់ស៊ុយអែត ដែលតាមដានសព្វាវុធទូទាំងសកលលោក បាននិយាយថា ឃ្លាំងស្តុកអាវុធនុយក្លេអ៊ែររបស់ប្រទេសចិន កំពុងរីកចម្រើន "លឿនជាងប្រទេសដទៃទាំងអស់" ហើយកម្លាំងមីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) របស់ទីក្រុងប៉េកាំង អាចនឹងតាមទាន់រុស្ស៊ី ឬសហរដ្ឋអាមេរិក នៅទសវត្សរ៍នេះ ជុំវិញឆ្នាំ២០៣០ ខាងមុខ។

យោងតាមរបាយការណ៍ប្រចាំឆ្នាំចុងក្រោយរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) ដែលចេញផ្សាយនៅថ្ងៃចន្ទ (១៦ មិថុនា) នេះ បានឱ្យដឹងថា ចិន បានបន្ថែមក្បាលគ្រាប់ ១០០គ្រាប់បន្ថែមទៀតទៅកាន់ឃ្លាំងស្តុកនុយក្លេអ៊ែររបស់ខ្លួនជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០២៣មក។ របាយការណ៍បន្តថា ស្តុកទីក្រុងប៉េកាំង មានប្រហែល ៦០០គ្រាប់ ដែលជាកំណើន ២០% ហើយតួលេខនេះត្រូវរំពឹងថានឹង "បន្តកើនឡើងកាន់តែខ្លាំងនៅប៉ុន្មានទសវត្សរ៍ខាងមុខ"។
គិតត្រឹមខែមករា ឆ្នាំ២០២៥ ចិនបានបញ្ចប់ ឬជិតបញ្ចប់នូវមីស៊ីល ICBM ចំនួន ៣៥០គ្រាប់ ឆ្លងកាត់តំបន់វាលខ្សាច់ចំនួន៣ នៅភាគខាងជើង និងតំបន់ភ្នំចំនួន៣ នៅភាគខាងកើត។ អាស្រ័យលើវិធីសាស្រ្តដែលចិន រៀបចំកងកម្លាំងរបស់ខ្លួន តួលេខ ICBM របស់ចិន នឹងអាចប្រៀបផ្ទឹមបានទៅនឹងរបស់រុស្ស៊ី ឬសហរដ្ឋអាមេរិក នៅចុងទសវត្សរ៍នេះ។
ទោះជាមានកំណើនយ៉ាងឆាប់រហ័សក៏ដោយ ក៏ទីក្រុងប៉េកាំងនៅតែឈរក្នុងចំណាត់ថ្នាក់លេខ៣ ទាក់ទងនឹងបរិមាណ។ ប្រសិនបើចិន ឈានដល់កម្រិតអតិបរមាដែលបានព្យាករថាមានក្បាលគ្រាប់ចំនួន ១.៥០០គ្រាប់ នៅឆ្នាំ២០៣៥ពិតមែន ក៏ឃ្លាំងស្តុកអាវុធរបស់ខ្លួននឹងមានត្រឹមតែមួយភាគបីនៃឃ្លាំងអាវុធនុយក្លេអ៊ែរសរុបរបស់រុស្ស៊ី (៥.៤៥៩គ្រាប់) និងអាមេរិក (៥,១៧៧គ្រាប់) ដែលមានជិត ៩០% នៃអាវុធនុយក្លេអ៊ែរមានស្រាប់របស់ពិភពលោក៕

