តម្លៃប្រេងបានហក់ឡើង នៅក្នុងពាណិជ្ជកម្មអាស៊ីដំបូងនៅថ្ងៃចន្ទ ទី១៦ មិថុនានេះ បន្ទាប់ពីអ៊ីស្រាអែល និងអ៊ីរ៉ង់ បានបើកការវាយប្រហារថ្មីៗកាលពីថ្ងៃអាទិត្យ ដោយបង្កើនការព្រួយបារម្ភថា ការប្រយុទ្ធគ្នាដែលកើនឡើង អាចបង្កឱ្យមានជម្លោះក្នុងតំបន់កាន់តែធំ និងបង្អាក់យ៉ាងខ្លាំងដល់ការនាំចេញប្រេងពីតំបន់មជ្ឈឹមបូព៌ា។

ការប្រែប្រួលចុងក្រោយនៃការវាយប្រហាររវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានបណ្តាលឱ្យជនស៊ីវិលស្លាប់និងរងរបួស និងបង្កើនការព្រួយបារម្ភពីជម្លោះក្នុងតំបន់កាន់តែទូលំទូលាយ ដោយយោធាប្រទេសទាំងពីរបានជំរុញឱ្យជនស៊ីវិលនៅភាគីទាំងសងខាងមានវិធានការប្រុងប្រយ័ត្នជាមុន ចំពោះការវាយប្រហារបន្ថែមទៀត។ ការវិវឌ្ឍន៍ចុងក្រោយបំផុត បានធ្វើឱ្យមានការព្រួយបារម្ភអំពីការរំខាននៅច្រកសមុទ្រ Hormuz ជាច្រកដឹកជញ្ជូនតាមនាវាដ៏សំខាន់។ ប្រហែលមួយភាគប្រាំនៃការប្រើប្រាស់ប្រេងសរុបរបស់ពិភពលោក បានឆ្លងកាត់ច្រកសមុទ្រនេះ ឬមានប្រហែលពី១៨ ទៅ១៩ លានបារ៉ែលក្នុងមួយថ្ងៃ (bpd) នៃប្រេង និងឥន្ធនៈ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា លោកសង្ឃឹមថា អ៊ីស្រាអែល និងអ៊ីរ៉ង់អាចសម្របសម្រួលបទឈប់បាញ់មួយ ប៉ុន្តែបាននិយាយថា ពេលខ្លះប្រទេសទាំងពីត្រូវតែប្រយុទ្ធគ្នាជាមុនសិន។ លោក Trump បាននិយាយថា សហរដ្ឋអាមេរិក នឹងបន្តគាំទ្រអ៊ីស្រាអែល ប៉ុន្តែបានបដិសេធមិននិយាយថាតើលោកបានស្នើសុំឱ្យសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមួយនេះផ្អាកការវាយប្រហាររបស់ខ្លួនលើប្រទេសអ៊ីរ៉ង់នោះទេ។ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា លោកសង្ឃឹមថា កិច្ចប្រជុំនៃក្រុមមេដឹកនាំប្រទេសG7 ដែលបានប្រជុំនៅប្រទេសកាណាដា នឹងឈានដល់កិច្ចព្រមព្រៀងមួយដើម្បីជួយដោះស្រាយជម្លោះ និងទប់កុំឱ្យវារីកកាន់តែធំ។
ទន្ទឹមនឹងនេះដែរ អ៊ីរ៉ង់បានប្រាប់អ្នកសម្របសម្រួលប្រទេសកាតា និងអូម៉ង់ថា ខ្លួនមិនបើកចំហរក្នុងការចរចាបទឈប់បាញ់នេះទេ ខណៈខ្លួនកំពុងស្ថិតក្រោមការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងពេលដែលសត្រូវទាំងពីរបានបើកការវាយប្រហារថ្មីៗ និងបង្កើនការព្រួយបារម្ភនៃជម្លោះកាន់តែរីកធំ។