ប្រជាជននៅក្នុងទីក្រុងតេអេរ៉ង់ បានរង់ចាំក្នុងជួរដ៏វែង ដើម្បីចាក់សាំងរថយន្តរបស់ពួកគេ ខណៈការវាយប្រហាររបស់អ៊ីស្រាអែល នៅតែបន្តទៅលើទីក្រុង កាលពីថ្ងៃអាទិត្យ ទី១៥ មិថុនា។ អ៊ីរ៉ង់ និងអ៊ីស្រាអែលបានបាញ់មីស៊ីលដាក់គ្នាទៅវិញទៅមក ចាប់តាំងពីអ៊ីស្រាអែល បានបើកការវាយលុកតាមអាកាសទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរបស់ខ្លួនទោលើប្រទេសអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃសុក្រ ទី១៣ មិថុនា។

ប្រជាជនទីក្រុងតេអេរ៉ង់និយាយថា ការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅស្ថានីយ៍ប្រេងត្រូវបានកំណត់ ខណៈមនុស្សជាច្រើនកំពុងមានផែនការចាកចេញពីទីក្រុង។ អ្នកស្រុកទីក្រុងតេអេរ៉ង់ម្នាក់បាននិយាយថា «ប្រជាជនពិតជាមានការព្រួយបារម្ភ» ហើយគ្មានទីជម្រកគេចពីគ្រាប់សម្រាប់មនុស្សជាច្រើនក្នុងករណីមានភាពអាសន្ននោះទេ។

យោធាអ៊ីស្រាអែល បានព្រមានប្រជាជនអ៊ីរ៉ង់ ដែលរស់នៅក្បែររោងចក្រផលិតសព្វាវុធឱ្យជម្លៀសខ្លួនចេញ ខណៈនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយថា ការវាយប្រហារដោយអ៊ីស្រាអែល រហូតមកដល់ពេលនេះ គ្មានអ្វីប្រៀបបានទៅនឹងអ្វីដែលអ៊ីរ៉ង់នឹងឃើញនៅប៉ុន្មានថ្ងៃខាងមុខនេះទេ។ រហូតមកដល់ពេលនេះ មនុស្សយ៉ាងហោចណាស់១៣នាក់ ក្នុងប្រទេសអ៊ីស្រាអែលត្រូវបានសម្លាប់ និងជាង៣០០នាក់ផ្សេងទៀតបានរងរបួស ចាប់តាំងពីអ៊ីរ៉ង់បានបើកការវាយប្រហារសងសឹករបស់ខ្លួនកាលពីថ្ងៃសុក្រ ទី១៣ មិថុនា។
អ៊ីរ៉ង់ បាននិយាយថា មនុស្ស ៧៨នាក់ត្រូវបានសម្លាប់នៅថ្ងៃដំបូងនៃយុទ្ធនាការរបស់អ៊ីស្រាអែល ហើយមនុស្សច្រើននាក់បន្ថែមទៀតបានស្លាប់នៅថ្ងៃទី២។