ទីផ្សារអាស៊ី បានរក្សាលំនឹង និងភាពធន់របស់ខ្លួនយ៉ាងល្អនៅថ្ងៃចន្ទ (១៦ មិថុនា) នេះ ខណៈទីផ្សារផ្សេងៗរង្គោះរង្គើ ហើយតម្លៃប្រេងកើនឡើងជាថ្មី ដោយសារជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ មិនបង្ហាញសញ្ញាចុះត្រជាក់ ដែលបន្ថែមភាពមិនច្បាស់លាស់កាន់តែខ្លាំងនៃភូមិសាស្ត្រនយោបាយ ដល់បញ្ហាសេដ្ឋកិច្ចពិភពលោក ក្នុងពេលមួយសប្តាហ៍ដែលពោរពេញទៅដោយកិច្ចប្រជុំធនាគារកណ្តាលសកល។

ភាពតានតឹងនេះកើតឡើងនៅពេលមេដឹកនាំក្រុមប្រទេសទាំងប្រាំពីរ G7 កំពុងប្រមូលផ្តុំគ្នានៅកាណាដា បន្ថែមពីលើរលកពន្ធធំៗរួចទៅហើយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។ មិនទាន់មានសញ្ញានៃការភ័យស្លន់ស្លោក្នុងចំណោមវិនិយោគិននោះទេ ជាពិសេសនៅអាស៊ី ហើយទីផ្សាររូបិយប័ណ្ណមានភាពស្ងប់ស្ងាត់ ខណៈសន្ទស្សន៍របស់ផ្សារហ៊ុន Wall Street អាមេរិក ក៏មានស្ថិរភាពឡើងវិញ បន្ទាប់ពីការធ្លាក់ចុះដំបូង។
សម្រាប់ពេលនេះ វិនិយោគិនកំពុងរង់ចាំស្ថានការណ៍ ហើយភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយបំផុតរបស់ MSCI នៅខាងក្រៅជប៉ុន បានកើនឡើង ០,១%។ Nikkei របស់ជប៉ុន រក្សាជំហរកំណើន ០,៨% និងភាគហ៊ុនកូរ៉េខាងត្បូង បន្ថែមតួលេខ ០,៥%។ ហ៊ុនអាមេរិក S&P 500 កើនបាន ០,១% ហើយ Nasdaq ក៏ឡើង ០,២% ដែលស្ទុះងើបឡើងវិញពីការធ្លាក់ចុះដំបូង។
ទីផ្សារអ៊ឺរ៉ុប មានសម្ពាធខ្លាំងជាងគេ ដោយសារការពឹងផ្អែករបស់តំបន់នេះលើការនាំចូលប្រេង ហើយហ៊ុន EUROSTOXX 50 បានធ្លាក់ ០,២% ខណៈហ៊ុន DAX រអិលចុះ ០,៣% ។ ប្រេងបានបន្ថែម ១% ពីលើកំណើន ១៣% របស់ខ្លួនកាលពីសប្តាហ៍មុន ហើយប្រសិនបើនៅទែមាននិរន្តរភាពបែបនេះ នោះទំនងជាអាចធ្វើឱ្យធនាគារកណ្តាលកាត់បន្ថយអត្រាការប្រាក់ នៅជំនួបនាថ្ងៃពុធសប្ដាហ៍នេះ៕

