បង់ក្លាដែស៖ យោងតាមនគរបាលបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៣២នាក់បានស្លាប់នៅពេលដែលសាឡាងផ្ទុកមនុស្សពេញបានឆេះនៅភាគខាងត្បូងប្រទេសបង់ក្លាដែស នៅក្នុងសោកនាដកម្មដែនទឹកចុងក្រោយបង្អស់ដែលបានវាយប្រហារប្រទេសក្រីក្រក្នុងតំបន់ទំនាប។

ឧបទ្ទវហេតុនេះបានកើតឡើងនៅព្រឹកថ្ងៃសុក្រនេះនៅជិតទីប្រជុំជនជនបទភាគខាងត្បូង Jhalokati ចម្ងាយ ២៥០គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានី Dhaka។ សាឡាងនេះបានដឹកមនុស្សប្រហែល ៥០០នាក់។ ស្នងការនគរបាលក្នុងតំបន់លោក Moinul Islam បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា សាឡាងដែលមានឈ្មោះថា Obhijan កម្ពស់ ៣ជាន់បានឆាបឆេះកណ្ដាលទន្លេ។ យើងបានរកឃើញសាកសពចំនួន ៣២នាក់ហើយ។ ចំនួនអ្នកស្លាប់អាចកើនឡើង។ ភាគច្រើនបានស្លាប់ដោយសារភ្លើងឆេះ ហើយមួយចំនួនតូចទៀតលង់ទឹកស្លាប់ បន្ទាប់ពីពួកគេបានលោតចូលទៅក្នុងទន្លេ៕
អត្ថបទ៖ សុខមាន