មីស៊ីលរបស់អ៊ីរ៉ង់ បានវាយប្រហារសងសឹកលើទីក្រុង Tel Aviv និងទីក្រុងកំពង់ផែ Haifa របស់អ៊ីស្រាអែល នៅព្រឹកថ្ងៃចន្ទ (១៦ មិថុនា) នេះ ដោយបានបំផ្លាញផ្ទះសម្បែង និងជំរុញឱ្យមានក្ដីបារម្ភក្នុងចំណោមមេដឹកនាំពិភពលោកនៅក្នុងកិច្ចប្រជុំ G7 សប្តាហ៍នេះថា ការប្រឈមមុខដាក់គ្នាអាចនាំឱ្យមានជម្លោះក្នុងតំបន់កាន់តែទូលំទូលាយ។

កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានលើកសរសើរថា ការវាយប្រហារចុងក្រោយនេះប្រើប្រាស់វិធីសាស្រ្តថ្មី ដែលបណ្តាលឱ្យប្រព័ន្ធការពារពហុស្រទាប់របស់អ៊ីស្រាអែល តម្រង់គោលដៅដាក់គ្នាទៅមក និងអនុញ្ញាតឱ្យអ៊ីរ៉ង់ វាយលុកគោលដៅជាច្រើនដោយជោគជ័យ។

កងកម្លាំងការពារអ៊ីស្រាអែល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើការវាយប្រហារនោះទេ។ មន្ត្រីអ៊ីស្រាអែល បាននិយាយម្តងហើយម្តងទៀតថា ប្រព័ន្ធការពារមីស៊ីល "Iron Dome" របស់ខ្លួនគឺមិនធានា ១០០% ទេ ហើយបានព្រមានអំពីថ្ងៃដ៏លំបាកខាងមុខ។

សេវាសង្គ្រោះបន្ទាន់ជាតិនិយាយថា មនុស្សជាច្រើននាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារចុងក្រោយរបស់អ៊ីរ៉ង់ ដោយបង្កើនចំនួនអ្នកស្លាសរុបប់របស់អ៊ីស្រាអែល ដល់ជិត ២០នាក់ ចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមក។ មនុស្សយ៉ាងតិច ១០០នាក់ ទៀតបានរងរបួសនៅក្នុងការវាយប្រហារពេញយប់ ដែលជាផ្នែកមួយនៃរលកវាយប្រហារសងសឹកដោយទីក្រុងតេអេរ៉ង់ តបទៅនឹងការវាយប្រហារមុនរបស់អ៊ីស្រាអែល សំដៅទៅលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់៕