ទាហានកូរ៉េខាងជើង ជាង ៦.០០០នាក់ ត្រូវគេជឿថា បានរងរបួស ឬស្លាប់ ពេលកំពុងប្រយុទ្ធនៅក្នុងតំបន់ Kursk របស់រុស្ស៊ី ដើម្បីគាំទ្រដល់សង្រ្គាមរបស់ទីក្រុងមូស្គូ ប្រឆាំងនឹងអ៊ុយក្រែន នេះបើយោងតាមការប៉ាន់ស្មានដោយភ្នាក់ងារស៊ើបការណ៍ចារកម្មសម្ងាត់របស់ចក្រភពអង់គ្លេស។

របាយការណ៍នេះគូសបញ្ជាក់អំពីតួនាទីរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ក្នុងនាមជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅក្នុងសង្រ្គាមដ៏ធំបំផុតមួយនៅអឺរ៉ុប ដែលឥឡូវនេះស្ថិតក្នុងឆ្នាំទីបួនរបស់ខ្លួន។ ក្រសួងការពារជាតិអង់គ្លេស បានបង្ហោះលើបណ្ដាញសង្គម X ថា តួលេខនេះមានចំនួនជាងពាក់កណ្តាលនៃទាហានកូរ៉េខាងជើង ចំនួន ១១.០០០នាក់ ដែលបានដាក់ពង្រាយដំបូងនៅតំបន់ Kursk។

ទាំងរុស្ស៊ី និងអ៊ុយក្រែន មិនបានផ្តល់តួលេខផ្លូវការសម្រាប់ចំនួនអ្នកស្លាប់ក្នុងការប្រយុទ្ធនោះទេ។ កូរ៉េខាងជើង បានទទួលស្គាល់ជាលើកដំបូងកាលពីខែមេសាថា ខ្លួនបានដាក់ពង្រាយទាហានដើម្បីគាំទ្ររុស្ស៊ី ប៉ុន្តែក៏មិនបញ្ជាក់ពីចំនួនទ័ពដែលត្រូវបានបញ្ជូន ឬកម្រិតនៃអ្នកស្លាប់ និងរបួសនោះដែរ។

ការប៉ាន់ប្រមាណនេះធ្វើឡើងនៅពេលដែលលោក Putin និងលោក Kim គ្រោងនឹងប្រារព្ធខួបលើកទីមួយនៅសប្តាហ៍នេះ នៃសន្ធិសញ្ញាការពារទៅវិញទៅមករបស់ពួកគេ ដោយបានធ្វើឱ្យមានកិច្ចព្រមព្រៀងមួយរស់ឡើងវិញ ដែលមានតាំងពីសង្គ្រាមត្រជាក់មក៕