ក្រុមបាតុករប្រឆាំងនឹងជំនួប G7 រាប់រយនាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅសាលាក្រុង Calgary ខេត្ត Alberta របស់កាណាដា កាលពីថ្ងៃអាទិត្យ (១៥ មិថុនា) ដើម្បីសម្តែងការប្រឆាំងរបស់ពួកគេ ចំពោះជំនួបកំពូលអន្តរជាតិនៃមេដឹកនាំពិភពលោក នៅទីក្រុងភ្នំ Kananaskis ចម្ងាយប្រហែលមួយម៉ោងពីទីតាំងតវ៉ា។
ភ្ញៀវដែលរំពឹងទុកក្នុងកិច្ចប្រជុំកំពូលសម្រាប់ព្រឹត្តិការណ៍ពីថ្ងៃអាទិត្យ ដល់ថ្ងៃអង្គារ សប្ដាហ៍នេះរួមមានមេដឹកនាំមកពីអ៊ុយក្រែន ម៉ិកស៊ិក ឥណ្ឌា អូស្ត្រាលី អាហ្វ្រិកខាងត្បូង កូរ៉េខាងត្បូង និងប្រេស៊ីល។ សម្ព័ន្ធអន្តរជាតិនៃការតស៊ូរបស់ប្រជាជន (ILPS) របស់កាណាដា បានហៅការតវ៉ារបស់ពួកគេថាជា "ចលនាប្រឆាំងអ្នកពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍ទាំង៧" (Resist the Genocidal 7!) ហើយការហែក្បួនតវ៉ាត្រូវរៀបចំឡើងដើម្បីទាក់ទាញការយកចិត្តទុកដាក់ចំពោះមេដឹកនាំ G7។
អំឡុងពេលបាតុកម្ម និងការហែក្បួនជាច្រើនម៉ោង ប្រជាពលរដ្ឋដែលគាំទ្របុព្វហេតុផ្សេងៗបានស្រែកពាក្យតវ៉ា និងគ្រវីបដា។ បាតុករមួយចំនួននិយាយថា "ប្រសិនបើមិនមាននរណាម្នាក់ផ្ញើសារទៅកាន់អ្នកនយោបាយទាំងនេះទេ នោះប្រជាជនមិនទទួលនូវអ្វីដែលចង់បានឡើយ"។ អ្នកចូលរួមតវ៉ានិយាយថា ពួកគេចង់បានយុត្តិធម៌ ទឹកស្អាត សមភាពអាកាសធាតុ សមធម៌សម្រាប់ជនជាតិដើមភាគតិច និងយុត្តិធម៌សម្រាប់ពិភពលោកទាំងមូល។
ក្រុមមន្រ្តីសមត្ថកិច្ចបានត្រួតពិនិត្យការហែក្បួននោះយ៉ាងដិតដល់ឆ្លងកាត់ទីក្រុង។ ការតវ៉ាបន្ថែម ត្រូវបានគ្រោងទុកនៅក្រុង Banff និង Calgary នៅពេលកិច្ចប្រជុំមេដឹកនាំ G7 បន្តបន្ទាប់នៅកាណាដា៕