ក្រុមអ្នកស្រាវជ្រាវ បានព្រមាននៅថ្ងៃចន្ទនេះថា រដ្ឋភាគច្រើននៃអាវុធនុយក្លេអ៊ែររបស់ពិភពលោក បានបន្តធ្វើទំនើបកម្មឃ្លាំងអាវុធរបស់ពួកគេ កាលពីឆ្នាំមុន ដោយកំណត់ដំណាក់កាលសម្រាប់ការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរថ្មីមួយ។
វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បាននិយាយថា មហាអំណាចនុយក្លេអ៊ែរ រួមទាំងសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលមានប្រហែល ៩០ ភាគរយនៃស្តុករបស់ពិភពលោក បានចំណាយពេលកាលពីឆ្នាំមុន «ធ្វើឲ្យប្រសើរឡើងនូវអាវុធដែលមានស្រាប់ និងបន្ថែមកំណែទម្រង់ថ្មីជាងនេះ»។
ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់ ក្បាលគ្រាប់ចាស់ៗជាទូទៅ ត្រូវបានរុះរើលឿនជាងគ្រាប់ថ្មី ត្រូវបានដាក់ពង្រាយ ដែលបណ្តាលឲ្យមានការថយចុះនៃចំនួនក្បាលគ្រាប់ទាំងមូល។
ប៉ុន្តែ វិទ្យាស្ថាន SIPRI បានព្រមានថា និន្នាការនេះ ទំនងជានឹងត្រូវបានផ្លាស់ប្តូរ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
នាយកវិទ្យាស្ថាន SIPRI លោក Dan Smith បានប្រាប់សារព័ត៌មាន AFP ថា៖«អ្វីដែលយើងឃើញនៅពេលនេះ ជាដំបូងគឺថាចំនួនក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការ កំពុងចាប់ផ្តើមកើនឡើង»។
នេះ គឺជាករណីជាពិសេសជាមួយប្រទេសចិន ដែលវិទ្យាស្ថាន SIPRI បាននិយាយថា មានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៦០០គ្រាប់ និងបានបន្ថែមក្បាលគ្រាប់ថ្មីចំនួន ១០០គ្រាប់ ក្នុងឆ្នាំ ២០២៣ និង ២០២៤។
លោក Smith បាននិយាយថា៖«ប្រទេសចិន កំពុងបង្កើនកម្លាំងនុយក្លេអ៊ែររបស់ខ្លួនជាបន្តបន្ទាប់» ដោយបន្ថែមថា ប្រទេសនេះ អាចឈានដល់មានក្បាលគ្រាប់ចំនួន ១.000គ្រាប់ ក្នុងរយៈពេល ៧ ឬ ៨ឆ្នាំ។