ប្រធានាធិបតីទួរគីលោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) បានសន្ទនាតាមទូរស័ព្ទជាលើកទី២ ជាមួយសមភាគីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីចុងសប្តាហ៍ ដោយផ្តោតលើជម្លោះដែលកំពុងកើនឡើងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក អឺដូហ្កាន់ បានសម្តែងការពេញចិត្តចំពោះសុន្ទរកថានាពេលថ្មីៗនេះរបស់លោក ត្រាំ ដែលជំរុញឲ្យមានការបញ្ចប់អរិភាព និងការស្វែងរកសន្តិភាពក្នុងតំបន់។ លោកបានសង្កត់ធ្ងន់លើការចាត់វិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់មហន្តរាយ ដែលអាចឆាបឆេះទូទាំងតំបន់នេះ។ លោក អឺដូហ្កាន់ បានបង្ហាញឡើងវិញនូវជំហររបស់ប្រទេសទួរគីថា ផ្លូវដែលអាចសម្រេចបានតែមួយគត់ក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺតាមរយៈការទូត ដោយបញ្ជាក់ជាថ្មីពីការត្រៀមខ្លួនរបស់ទួរគី ក្នុងការរួមចំណែក និងជួយក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។
មេដឹកនាំទួរគីរូបនេះ ក៏បានគូសបញ្ជាក់ពីការបំផ្លិចបំផ្លាញនៃអំពើហិង្សាដែលបានបង្កឡើងដោយការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ ដោយបានលើកឡើងពីចំនួនខូចខាតសេដ្ឋកិច្ច និងជនស៊ីវិលដែលមិនអាចជួសជុលបានទាំងសងខាង។ លោកបានព្រមានថា និន្នាការដ៏គ្រោះថ្នាក់នេះ ត្រូវតែទប់ស្កាត់ ដើម្បីចៀសវាងការបំផ្លិចបំផ្លាញបន្ថែមទៀត។
ការសន្ទនារវាងលោក អឺដូហ្កាន់ និង លោក ត្រាំ គឺជាការពិភាក្សាលើកទី២របស់ពួកគេស្តីពីភាពតានតឹង ក្នុងតំបន់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលជាលើកដំបូង បានធ្វើឡើង កាលពីថ្ងៃសៅរ៍ ទី១៤ ខែមិថុនា។