សេវាកម្មសារព័ត៌មានរបស់កងទ័ពអ៊ីស្រាអែល បាននិយាយថា កាលពីយប់ថ្ងៃអាទិត្យ យន្តហោះចម្បាំងអ៊ីស្រាអែលចំនួន ៥០គ្រឿង បានវាយប្រហារទីតាំងនៃគម្រោងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅទីក្រុងតេអេរ៉ង់។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា៖«ពេញមួយយប់នោះ យន្តហោះចម្បាំងរបស់កងទ័ពអាកាសអ៊ីស្រា អែល បានហោះពីលើទីក្រុងតេអេរ៉ង់ ហើយបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ និងគោលដៅនៃគម្រោងនុយក្លេអ៊ែរអ៊ីរ៉ង់ ក្រោមការណែនាំរបស់នាយកដ្ឋានស៊ើបការណ៍ចារកម្ម»។
«ការវាយប្រហារនេះ បានកំណត់គោលដៅទៅលើទីតាំងជាង ៨០ កន្លែង រួមទាំងទីស្នាក់ការកណ្តាលរបស់ក្រសួងការពារជាតិអ៊ីរ៉ង់ ទីស្នាក់ការកណ្តាលនៃគម្រោងនុយក្លេអ៊ែរ (SPND) និងគោលដៅបន្ថែមដែលរបបអ៊ីរ៉ង់លាក់ទុកឯកសារនុយក្លេអ៊ែរសំខាន់ៗ»។
កងទ័ពបាននិយាយថា ជាផ្នែកមួយនៃប្រតិបត្តិការតោងើប ខ្លួនបានវាយប្រហារលើគោលដៅជាង ១៧០កន្លែង និងធាតុផ្សំហេដ្ឋារចនាសម្ព័ន្ធយោធាជាង ៧២០កន្លែង ក្នុងរយៈពេលមិនដល់បីថ្ងៃផងនោះ។
សេចក្តីថ្លែងការណ៍ បានបន្តទៀតថា៖« កងកម្លាំងការពារអ៊ីស្រាអែល បានបន្តបង្កើនការវាយលុកចំពោះការគំរាមកំហែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយផ្តោតលើភាគកណ្តាលរបស់ប្រទេសនេះ និងលុបបំបាត់ សមត្ថភាព និងសមាសធាតុសំខាន់ៗសម្រាប់ការផលិតអាវុធ។
ប្រតិបត្តិការតោងើបនេះ ត្រូវបានចាប់ផ្តើម នៅយប់ថ្ងៃទី ១៣ ខែមិថុនា ក្នុងគោលបំណងបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
សាធារណរដ្ឋឥស្លាម បានសងសឹក ក្នុងរយៈពេលតិចជាងមួយថ្ងៃ។ នៅថ្ងៃទី១៤ មិថុនា និងយប់ថ្ងៃទី១៥ ខែមិថុនា អ៊ីស្រាអែល និងអ៊ីរ៉ង់បានធ្វើការវាយប្រហារគ្នាម្តងទៀត ។ រដ្ឋទាំងពីរ បានរាយការណ៍ពីការស្លាប់ និងរបួសដោយសារការវាយប្រហារទាំងនេះ ដោយទទួលស្គាល់ថា វត្ថុមួយចំនួននៅលើទឹកដីរបស់ពួកគេត្រូវបានវាយប្រហារ ប៉ុន្តែបានបញ្ជាក់ថា ការខូចខាតមានកម្រិត។