
ភ្នំពេញ៖ ការិយាល័យឥណទានកម្ពុជា បានប្រកាសពីការប្តេជ្ញាគាំទ្រ យុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុជាតិសរុបជា មានទំហំទឹកប្រាក់ចំនួន ១លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់ និងពង្រឹងបរិយាបន្នហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។
ការិយាល័យឥណទានកម្ពុជា នៅថ្ងៃទី២៤ ខែ ធ្នូ ២០២១ នេះ បានប្រកាសពីផែនការយុទ្ធសាស្ត្ររយៈពេលប្រាំ ឆ្នាំរបស់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តចូលរួមសរុបជាសាច់ប្រាក់មានចំនួន ១ លានដុល្លារ ដើម្បីគាំទ្រយុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុ ជាតិ ដោយផ្តោតលើគំនិតផ្តួចផ្តើមជុំវិញការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវការទទួលបានហិរញ្ញប្បទាន និងការអប់រំផ្នែកហិរញ្ញវត្ថុ។
ការគាំទ្ររបស់ការិយាល័យឥណទានកម្ពុជា គឺតាមរយៈនៃការផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា ដោយសហការជាមួយភាគីពាក់ព័ន្ធ ក្នុងប្រព័ន្ធ អេកូឡូស៊ីនៃវិស័យហិរញ្ញវត្ថុក្នុងប្រទេស ដើម្បីបន្តពង្រឹងវឌ្ឍនភាពបន្ថែមទៀត លើផ្នែកបរិយាបន្នហិរញ្ញវត្ថុ។
ជុំវិញការផ្តល់ឥណទាននេះ, លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិក្រុមហ៊ុន ស៊ីប៊ីស៊ី ក៏បានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការគាំទ្រដល់ការ អនុវត្ត NFIS ២០១៩-២០២៥ និងចូលរួមចំណែកជំរុញការទទួលបានសេវាហិរញ្ញវត្ថុឲ្យ កាន់តែទូលំទូលាយ ដើម្បីបង្កើនឱកាស សេដ្ឋកិច្ច និងលើកកំពស់សុខុមាលភាពដល់ប្រជាជនកម្ពុជាទាំងអស់។
ចំណែកលោកជំទាវបណ្ឌិត ជា សិរី ប្រធានក្រុមប្រឹក្សាភិបាលរបស់ ស៊ីប៊ីស៊ី មានប្រសាសន៍ថា បរិយាបន្នហិរញ្ញវត្ថុ គឺជាកត្តាចំបងមួយ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងការកាត់បន្ថយវិសមភាព។
ក្នុងនាមជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏សំខាន់មួយនៅក្នុងប្រទេសការគាំទ្ររបស់ស៊ីប៊ីស៊ី នឹងនាំឲ្យកិច្ចសហការ នៅក្នុងការផ្តួចផ្តើម របស់ធនាគារជាតិនៃកម្ពុជា ក្នុងការជំរុញបរិយាបន្ន ហិរញ្ញវត្ថុ នៅក្នុងប្រទេស។
សកម្មភាព ដែលគាំទ្រដោយស៊ីប៊ីស៊ី នឹងជួយកែលម្អបន្ថែមទីផ្សារឥណទានប្រកបដោយបរិយាបន្ន និងប្រសិទ្ធភាព កាត់បន្ថយចំណាយលើប្រតិបត្តិការ និងកាត់បន្ថយភាពងាយរងគ្រោះសម្រាប់អ្នកប្រើប្រាស់។
សូមបញ្ជាក់៖ ស៊ីប៊ីស៊ីគ្រប់គ្រងប្រព័ន្ធរបាយការណ៍ឥណទានដ៏ទូលំទូលាយបំផុតនៅក្នុងប្រទេស ដែលគ្របដណ្តប់លើប្រវត្តិឥណទាន របស់អ្នកខ្ចីប្រាក់ជាង ៧លាននាក់ ពីគ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិកជាង ១៧០ ក្រោមប្រកាសស្តីពីរបាយការណ៍ឥណទាន របស់ធនាគារជាតិនៃកម្ពុជា ដែលអាចឲ្យអ្នកផ្តល់ប្រាក់កម្ចី ពិនិត្យមើលប្រវត្តិឥណទានរបស់អ្នកខ្ចីដោយមិនចាំបាច់ឆ្លងកាត់ដំណើរការ សម្រេច ចិត្តយូរ និងស្មុគស្មាញ៕ អត្ថបទ៖ សុន រ៉ាឌី,