ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា លោកស្រីបានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ (ទី១៥ ខែមិថុនា) ថា ចុងក្រោយ គឺមានតែការទូតប៉ុណ្ណោះ ដែលជាមធ្យោបាយល្អបំផុត ដើម្បីដោះស្រាយបញ្ហាអ៊ីរ៉ង់ តែលោកស្រីបានបញ្ឈប់ការអំពាវនាវឲ្យមានបទឈប់បាញ់ភ្លាមៗ។
លោកស្រី Van der Leyen បានប្រាប់ថា អំឡុងពេលជជែកតាមទូរសព្ទ លោកស្រីបានយល់ព្រមជាមួយ លោក Netanyahu ថា «អ៊ីរ៉ង់មិនគួរមានអាវុធនុយក្លេអ៊ែរ ដោយមិនមានការសង្ស័យអ្វីទាំងអស់» ។ អំឡុងសន្និសីទសារព័ត៌មាន នៅឯកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ (G7) នៅទីក្រុង Kananaskis ប្រទេសកាណាដា លោកស្រីបានលើកឡើងថា «ជាការពិតណាស់ ខ្ញុំគិតថា ដំណោះស្រាយ តាមរយៈការចរចា គឺជាការឈាន់កិច្ចព្រមព្រៀងដ៏ល្អបំផុត រយៈពេលវែង»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក អ៊ីស្រាអែលបានបើកការវាយប្រហារយោធាដ៏គួរឲ្យភ្ញាក់ផ្អើល និងទ្រង់ទ្រាយធំ លើប្រទេសអ៊ីរ៉ង់ ហើយទីក្រុងតេអេរ៉ង់បានឆ្លើយតបដោយការបាញ់មីស៊ីល និងយានដ្រូនយ៉ាងសន្ធាប់លើអ៊ីស្រាអែល។
ហើយលោកស្រី Von der Leyen ដែលបានរិះគន់អ៊ីស្រាអែល ជុំវិញការវាយលុក នៅតំបន់ហ្កាហ្សា បានចាត់ទុកជម្លោះថ្មីនៅអ៊ីរ៉ង់នេះថា ដោយសារការរកឃើញរបស់អង្គការសហប្រជាជាតិកាលពីដើមសប្តាហ៍នេះ ដែលបង្ហាញថា ទីក្រុងតេអេរ៉ង់មិនគោរពតាមកាតព្វកិច្ចរបស់ខ្លួន។ លោកស្រីបានបញ្ជាក់បន្ថែមថា៖ «នៅក្នុងបរិបទនេះ អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន។ អ៊ីរ៉ង់គឺជាប្រភពចម្បងនៃអស្ថិរភាពក្នុងតំបន់»៕