ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កំពុងធ្វើដំណើរទៅកាន់ប្រទេសកាហ្សាក់ស្ថាន ដើម្បីពិភាក្សាជាមួយថ្នាក់ដឹកនាំអាស៊ីកណ្តាល ដែលបានបង្ហាញពីភាពផ្ទុយតបទៅនឹងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ (G7) ដោយធ្វើទស្សនកិច្ចនៅតំបន់ដ៏ធំទូលាយមួយ ដែលជាចំណុចកណ្ដាលនៃប្រកួតប្រជែងដណ្ដើមឥទ្ធិពលពីបណ្ដាប្រទេសមហាអំណាច រាប់ចាប់ពីទីក្រុងវ៉ាស៊ីនតោន រហូតដល់ទីក្រុងប៉េកាំង។
លោក ស៊ី ដែលនេះជាដំណើរទៅក្រៅប្រទេសលើកទី៣ របស់លោក សម្រាប់ឆ្នាំនេះ នឹងជួបជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev (ខាសស៊ីម ចូម៉ាត តូខាយ៉ីវ) នៅថ្ងៃចន្ទ (ទី១៦ ខែមិថុនា) នេះ ហើយចូលរួមការជួបជុំលើកទី២ នៃបណ្ដាមេដឹកនាំកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន តួកម៉េនីស្ថាន និងអ៊ូសបេគីស្ថាន នាថ្ងៃបន្ទាប់។
កិច្ចប្រជុំកំពូល នៅរដ្ឋធានី Astana នៃប្រទេសកាហ្សាក់ស្ថាននេះ កំពុងប្រព្រឹត្តទៅស្របនឹងព្រឹត្តិការណ៍ G7 នៅប្រទេសកាណាដា ហើយកើតឡើងក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជួបជាមួយរដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន ក្នុងទីក្រុងវ៉ាស៊ីនតោន។ កាលពី ២ឆ្នាំមុន លោក ស៊ី បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល នៅទីក្រុង Xi'an (ស៊ីអាន)។
យ៉ាងណាក្ដី បើយោងតាមលោកស្រី Kate Mallinson ដែលជាដៃគូនៅក្រុមហ៊ុន PRISM Strategic Intelligence Ltd. ក្នុងទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស បានលើកឡើងថា គោលបំណងសំខាន់មួយរបស់លោក ស៊ី នៅកាហ្សាក់ស្ថាន ពោលជាកន្លែងដែលលោកបានចាប់ផ្តើមគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ និងផ្លូវយ៉ាងទូលំទូលាយ កាលពីជាង ១ទសវត្សរ៍មុន គឺ «ការការពារអនាគត» សេដ្ឋកិច្ចរបស់ប្រទេសចិន នៅចំពោះមុខលទ្ធភាពនៃការមានជម្លោះជាមួយសហរដ្ឋអាមេរិក។
លោកស្រីបានលើកឡើងថា៖ «ចិនបានក្លាយជាប្រទេសមានឥទ្ធិពលខ្លាំងឡើងៗរយៈពេល ៣ឆ្នាំចុងក្រោយនេះ នៅអាស៊ីកណ្តាល។ ដោយមើលពីការប៉ុនប៉ងរបស់លោកខាងលិច ក្នុងការប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីដាក់ឲ្យរុស្ស៊ីនៅដាច់ដោយឡែក ចាប់តាំងពីឆ្នាំ២០០២ មក ប្រទេសចិននៅតែបន្តខិតខំប្រឹងប្រែង ដើម្បីការពារសេដ្ឋកិច្ច និងខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន ប្រឆាំងនឹងការប្រឈមមុខដាក់គ្នានាពេលខាងមុខជាមួយសហរដ្ឋអាមេរិក»។
សង្រ្គាមអត្រាពន្ធររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ទំនងជាក្លាយជារបៀបវារៈចម្បង ខណៈដែលលោក ស៊ី ប្រឹងប្រែងលើកកម្ពស់សម្ព័ន្ធភាព នៅអាស៊ីកណ្តាល ជាទីដែលការប្រជែងដណ្ដើមប្រភពធនធាន និងឥទ្ធិពលនយោបាយ បានកើនឡើងយ៉ាងខ្លាំង រវាងប្រទេសមហាអំណាចធំៗ៕