យោងតាមការស្ទង់មតិថ្មីមួយ បានបង្ហាញថា ការគាំទ្រជាសាធារណៈ ចំពោះនាយករដ្ឋមន្ត្រីជប៉ុន កំពុងកើនឡើង បន្ទាប់ពីរដ្ឋាភិបាលបានចាត់វិធានការដោះស្រាយតម្លៃអង្ករឡើងថ្លៃខ្ពស់ ដោយនេះជាសញ្ញាវិជ្ជមាន សម្រាប់លោក Shigeru Ishiba ខណៈដែលលោកតម្រង់ឆ្ពោះទៅរកបោះឆ្នោត និងព្យាយាមឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
ការស្ទង់មតិដែលធ្វើឡើងកាលពីចុងសប្តាហ៍កន្លងមកដោយសារព័ត៌មាន Kyodo News បានបង្ហាញថា កម្រិតគាំទ្រ ចំពោះគណៈរដ្ឋមន្ត្រីរបស់លោក Ishiba គឺ ៣៧ភាគរយ ដោយកើនឡើងពី ៣១,៧ភាគរយពីការស្ទង់មតិ កាលពីខែឧសភា។ ចំណែកការស្ទង់មតិដាច់ដោយឡែកមួយពីសារព័ត៌មាន Asahi បានបង្ហាញការគាំទ្រកម្រិត ៣២ភាគរយដែលប្រែប្រួលតិចតួចពី ៣៣ភាគរយ នៅក្នុងការស្ទង់មតិខែឧសភា។
គួរបញ្ជាក់ថា តម្លៃអង្ករឡើងខ្ពស់ គឺជាកង្វល់ធំបំផុតមួយ សម្រាប់អ្នកបោះឆ្នោត ដែលនឹងទៅបោះឆ្នោតជ្រើសរើសសភាជាន់ខ្ពស់ នៅខែកក្កដា។ រដ្ឋបាលរបស់លោក Ishiba បានបញ្ចេញស្តុកអង្កររបស់រដ្ឋាភិបាលមួយចំនួន និងបង្កើតកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដើម្បីដោះស្រាយការផ្គត់ផ្គង់ស្បៀងអាហារសំខាន់។
តែយ៉ាងណាក្ដី បើទោះបីជាកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ជុំវិញបញ្ហាតម្លៃអង្ករ ហាក់ដូចជាបានជួយលោក Ishiba ក៏ដោយ ក៏ចំណាត់ការកាលពីសប្តាហ៍មុន ដើម្បីដោះស្រាយការកើនឡើងនូវការចំណាយខ្ពស់នៃការរស់នៅ ដោយការផ្តល់សាច់ប្រាក់ មិនសូវទទួលបានផលល្អឡើយ។
ហើយការស្ទង់មតិរបស់សារព័ត៌មាន Kyodo ដដែល បានបង្ហាញថា ៥៤ភាគរយ បានជំទាស់នឹងការសន្យារបស់បក្សកាន់អំណាច ក្នុងការផ្តល់ឲ្យមនុស្សម្នាក់ៗនូវទឹកប្រាក់ ២០.០០០យ៉េន (១៤០ដុល្លារ) ខណៈដែល ៦៧ភាគរយនៃអ្នកឆ្លើយតបទៅនឹងការស្ទង់មតិរបស់សារព័ត៌មាន Asahi បានប្រាប់ថា ពួកគេមិនបានយល់ព្រម ចំពោះចំណាត់ការនេះទេ៕