អភិបាលក្រុង លោកស្រី Karen Bass កាលពីថ្ងៃអាទិត្យ (ទី១៥ ខែមិថុនា) បានប្រាប់ថា បម្រាមគោចរពេលយប់ នៅទីក្រុង Los Angeles នឹងបន្ត «២-៣ថ្ងៃទៀត» ជាថ្ងៃទី៩ នៃការតវ៉ាដែលបានឃើញថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាប់ផ្តើមការបង្ក្រាបគាំទ្រដោយយោធា។
គួរបញ្ជាក់ថា ក្រុមបាតុករបានចាប់ផ្តើមការតវ៉ា កាលពីថ្ងៃទី៦ ខែមិថុនា ប្រឆាំងនឹងប្រតិបត្តិការឆ្មក់អន្តោប្រវេសន៍ដែលធ្វើឡើងដោយរដ្ឋបាលរបស់លោក Trump ដើម្បីប្រមូលជនអន្តោប្រវេសន៍ខុសច្បាប់ នៅទីក្រុងដែលសម្បូរដោយប្រជាជនមកពីតំបន់អាមេរិកឡាទីន ក្នុងរដ្ឋកាលីហ្វ័រញ៉ាគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ។
ការប្រមូលផ្តុំគ្នាគឺភាគច្រើនប្រកបដោយភាពអហិង្សា និងស្ថិតនៅក្នុងរង្វង់តំបន់តូចមួយនៃទីក្រុង Los Angeles ប៉ុន្តែត្រូវបានបំផ្លាញដោយអំពើហិង្សាម្ដងម្កាល និងគួរឲ្យភ្ញាក់ផ្អើលដែលលោក Trump មកពីគណបក្សសាធារណរដ្ឋ បានប្រើប្រាស់ជាលេស ដើម្បីដាក់ពង្រាយកងឆ្មាំជាតិចំនួន ៤.០០០នាក់ និងទាហានម៉ារីន ៧០០នាក់។
ការដាក់ពង្រាយពិសេសនេះ បានកើតមានឡើង បើទោះជាមន្ត្រីមូលដ្ឋានបានតវ៉ា ដោយទទូចថា ស្ថានការណ៍ស្ថិតនៅក្រោមការគ្រប់គ្រងក៏ដោយ។ លោកស្រី Bass បានចេញបម្រាមគោចរពេញមួយយប់ កាលពីថ្ងៃទី១០ ខែមិថុនា នៅតំណ់ដែលជាចំណុចកណ្ដាលនៃការតវ៉ា ដើម្បីបញ្ឈប់ហេតុការណ៍បំផ្លិចបំផ្លាញ និងអំពើចោរកម្ម។
កាលពីថ្ងៃទី១៥ ខែមិថុនា លោកស្រីបានប្រាប់ថា លោកស្រីសង្ឃឹមថា ចំនួនមនុស្សនៅពីក្រោយឧប្បត្តិហេតុហិង្សានេះ នឹងថយចុះ។ អំឡុងបទសម្ភាសន៍តាមទូរទស្សន៍ជាមួយប៉ុស្តិ៍ព័ត៌មានក្នុងស្រុក KTLA អមដោយការបន្ថែម ដែលថា លោកស្រីមិនអាចទស្សន៍ទាយបានថា តើរយៈពេលប៉ុន្មានថ្ងៃទៀតឲ្យពិតប្រាកដទេនោះ លោកស្រីបានឲ្យដឹងថា៖ «ខ្ញុំត្រឹមតែដឹងថា ពិតណាស់ បម្រាមគោចរនឹងមានយ៉ាងហោចណាស់ ២-៣ថ្ងៃទៀត»៕