អាជ្ញាធរ នៅថ្ងៃចន្ទ (១៦ មិថុនា) នេះ បានប្រាប់ឲ្យដឹងថា ចំនួនអ្នកស្លាប់ នៅក្នុងប្រទេសវៀតណាមដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដែលបង្កឡើងដោយព្យុះទីហ្វុង Wutip បានកើនឡើងដល់ ៧នាក់ហើយ។
គួរបញ្ជាក់ថា ព្យុះទីហ្វុង Wutip បានបក់បោកទៅដល់ដីគោក នៅភាគខាងត្បូងនៃប្រទេសចិន កាលពីចុងសប្តាហ៍កន្លងមក ដោយមានខ្យល់បក់ខ្លាំងរហូតដល់ ១២៨គីឡូម៉ែត្រក្នុ ងមួយម៉ោង មុនពេលថមថយកម្លាំងទៅជាព្យុះត្រូពិច។
បើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយ កាលពីថ្ងៃចន្ទ ពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងទំនប់វារីអគ្គិសនី បានឲ្យដឹងថា មនុស្ស ៧នាក់ បានបាត់បង់ជីវិត ផ្ទះ ១០០ខ្នងរងការខូចខាត និងដីដាំដំណាំជិត ៦០.០០០ហិកតា ត្រូវបានជន់លិច នៅភាគកណ្តាលនៃប្រទេសវៀតណាម ។
វៀតណាមត្រូវរងគ្រោះដោយព្យុះត្រូពិចប្រមាណជាជាង ១០ រៀងរាល់ឆ្នាំ ប៉ុន្តែក្នុងខែមិថុនា ជាធម្មតា ព្យុះទាំងនោះប៉ះពាល់ នៅភាគខាងជើងនៃប្រទេសជាមុនសិន ហើយបន្ទាប់មកឆ្ពោះទៅភាគខាងត្បូង នៅចុងឆ្នាំ។
កាលពីចុងសប្តាហ៍មុន ភាគកណ្ដាលនៃប្រទេសនេះ ក្នុងនោះរួមទាំងទីក្រុងបេតិកភណ្ឌពិភពលោក Hoi An ផងដែរ បានជួបប្រទះនឹងទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឲ្យមនុស្សស្លាប់ រំខានដល់ការធ្វើចរាចរណ៍ និងបង្កការខូចខាតដល់ដំណាំ៕