ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បាននិយាយថា សហរដ្ឋអាមេរិកទទួលខុសត្រូវចំពោះការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងទីក្រុងតេអេរ៉ង់។
លោកបានចង្អុលបង្ហាញក្នុងសុន្ទរកថាទៅកាន់សភារបស់ប្រទេសថា៖«ផ្ទុយពីបទដ្ឋានទាំងអស់នៃច្បាប់អន្តរជាតិ អាមេរិកអនុញ្ញាតឲ្យអ៊ីស្រាអែលប្រព្រឹត្តអំពើឈ្លានពាន និងវាយប្រហារប្រទេសរបស់យើង»។
លោក Pezeshkian បានចង្អុលបង្ហាញថា៖«យើងមិនបានស្វែងរក ឬចាប់ផ្តើមសង្រ្គាមទេ។ ពុំមិនមែនជាពួកយើងដែលបានសម្លាប់មន្រ្តីយោធាជាន់ខ្ពស់ និងអ្នកវិទ្យាសាស្រ្ត ប៉ុន្តែក្រុមភេរវករទាំងនេះ គឺជាអ្នកសម្លាប់»។ លោកបានបន្ថែមថា៖«យើងមិនមែនជាអ្នកឈ្លានពានទេ។ សព្វថ្ងៃនេះ យើងត្រូវការការរួបរួម និងសាមគ្គីភាពច្រើនជាងពេលណាៗទាំងអស់ ប្រជាជនអ៊ីរ៉ង់ ត្រូវតែរួបរួមគ្នា និងប្រឆំាងនឹងការឈ្លានពានជាដាច់ខាត។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅមុននេះថា ទីក្រុងវ៉ាស៊ីនតោន បានដឹងពីផែនការរបស់អ៊ីស្រាអែល ក្នុងការវាយប្រហារអ៊ីរ៉ង់។
នៅយប់ថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការតោងើប ដែលបានកំណត់គោលដៅទៅលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ពួកគេបានសងសឹកក្នុងរយៈពេលតិចជាង ២៤ម៉ោង។ អ៊ីស្រាអែល និងអ៊ីរ៉ង់ បានការវាយប្រហារគ្នាទៅវិញទៅមក នៅថ្ងៃទី ១៤ ខែមិថុនា និងនៅព្រឹកព្រលឹមថ្ងៃទី ១៥ ខែមិថុនា។ ភាគីទាំងពីរ បានរាយការណ៍ពីអ្នកស្លាប់ និងការខូចខាត ហើយបានសារភាពថា សម្ភារៈជាច្រើន ត្រូវរងការប្រហារ ប៉ុន្តែបាននិយាយថា ការខូចខាត គឺតិចតួច។