អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយតាមទូរស័ព្ទជាមួយស្តេចស៊ុលតង់នៃប្រទេសអូម៉ង់ Sheikh Haitham bin Tariq កាលពីព្រឹកថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីស្ថានការណ៍ដែលកំពុងកើនឡើង នៅមជ្ឈិមបូព៌ា។ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់។
អ្នកនាំពាក្យរូបនេះ បាននិយាយថា មេដឹកនាំទាំងពីរ បានព្រមព្រៀងគ្នាថា ការទប់ស្កាត់ការរីករាលដាលបន្ថែមទៀតនៃជម្លោះ គឺមានសារៈសំខាន់បំផុត ហើយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការរួមចំណែកដល់ការដោះស្រាយដោយសន្តិវិធី តាមរយៈមធ្យោបាយការទូត។
ដោយឡែក រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul ដែលបច្ចុប្បន្នកំពុងបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ា បានព្រមាននៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធីព័ត៌មាន Tagesschau របស់ប្រទេសអាល្លឺម៉ង់ កាលពីល្ងាចថ្ងៃសៅរ៍ថា តំបន់នេះ ប្រឈមនឹង «ហានិភ័យដ៏ធ្ងន់ធ្ងរនៃការកើនឡើងភាពតានតឹង ពេញបន្ទុក»។ លោកបានអំពាវនាវឲ្យគ្រប់ភាគីបង្ហាញឆន្ទៈនយោបាយខ្ពស់បំផុត ដើម្បីកាត់បន្ថយភាពតានតឹង និងទប់ស្កាត់ជម្លោះកុំឲ្យផ្ទុះឡើង។
លោក Wadephul បានកត់សម្គាល់ថា អាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេស បានត្រៀមខ្លួនដើម្បីជួបពិភាក្សាជាមួយអ៊ីរ៉ង់ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយបានសម្តែងក្តីសង្ឃឹមថា ទីក្រុងតេអេរ៉ង់នឹងឆ្លើយតបជាវិជ្ជមាន។