សមាជិកព្រឹទ្ធសភាខាងបក្សប្រជាធិបតេយ្យ នៅថ្ងៃចន្ទ (ទី១៦ ខែមិថុនា) នេះ បានណែនាំនូវច្បាប់ ដើម្បីរារាំងប្រធានាធិបតីអាមេរិក លោក Donald Trump កុំឲ្យប្រើប្រាស់កម្លាំងយោធា ប្រឆាំងនឹងអ៊ីរ៉ង់ ដោយគ្មានការអនុញ្ញាតពីសភា ខណៈដែលការប្រយុទ្ធកាន់តែខ្លាំងឡើង រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានធ្វើឲ្យមានការភ័យខ្លាចខ្លាំងឡើងៗ ដែលថា ជម្លោះរីករាលធំទៅៗ។
លោក Tim Kaine មកពីរដ្ឋ Virginia បានព្យាយាមអស់ជាច្រើនឆ្នាំមកហើយ ដើម្បីទាញយកអំណាចមកវិញ សម្រាប់សភា ដែលមានសិទ្ធិប្រកាសសង្រ្គាម មិនមែនសេតវិមាននោះឡើយ។ អំឡុងអាណត្តិទី ១ របស់លោក Trump ក្នុងឆ្នាំ២០២០ លោក Kaine បានណែនាំដំណោះស្រាយស្រដៀងគ្នានេះ ដើម្បីទប់សមត្ថភាពរបស់លោក Trump កុំឲ្យធ្វើសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់។
វិធានការនោះបានឆ្លងផុតទាំងព្រឹទ្ធសភា និងសភា ដោយទទួលបានការគាំទ្រពីសមាជិកបក្សសាធារណរដ្ឋមួយចំនួន ប៉ុន្តែមិនមានសំឡេងគ្រប់គ្រាន់ ដើម្បីរារាំងការវេតូរបស់ប្រធានាធិបតីខាងសាធារណរដ្ឋបានឡើយ។
លោក Kaine បានប្រាប់ថា ដំណោះស្រាយអំណាចសង្រ្គាមចុងក្រោយបង្អស់របស់លោក បានគូសបញ្ជាក់ថា រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកផ្តល់ឲ្យសភា មិនមែនប្រធានាធិបតីនោះទេ ដែលជាអំណាចតែមួយគត់ ក្នុងការប្រកាសសង្គ្រាម ហើយតម្រូវថា ការកំណត់អរិភាពណាមួយជាមួយអ៊ីរ៉ង់ ត្រូវតែមានការយល់ព្រមយ៉ាងបើកចំហ ដោយការប្រកាសសង្គ្រាម ឬការអនុញ្ញាតជាក់លាក់ សម្រាប់ការប្រើប្រាស់កម្លាំងយោធា។
គួរបញ្ជាក់ថា នៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក ដំណោះស្រាយមហាអំណាចសង្គ្រាម គឺជាឯកសិទ្ធិ ដែលមានន័យថា ព្រឹទ្ធសភានឹងត្រូវតម្រូវឲ្យពិចារណា និងបោះឆ្នោតភ្លាមៗលើបញ្ហានេះ។
យោធាអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី១៣ ខែមិថុនា ក្នុងគោលបំណងលុបបំបាត់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់។ អ៊ីរ៉ង់ដែលលើកឡើងដដែលៗថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺក្នុងគោលបំណងសន្តិភាពនោះ បានឆ្លើយតបវិញ ចំពោះការវាយប្រហារនេះ ដោយបាញ់មីស៊ីលសំដៅទៅដែនដីអ៊ីស្រាអែលយ៉ាងសន្ធាប់៕