ប្រមុខអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ លោក Rafael Grossi នៅថ្ងៃចន្ទ (ទី១៦ ខែមិថុនា) នេះ បានផ្តល់បច្ចុប្បន្នភាព ស្តីពីស្ថានភាពនៅឯរោងចក្រនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីអ៊ីស្រាអែល បានបើកការវាយប្រហារដោយយោធា ហើយបានប្រាប់ថា មិនមានសញ្ញានៃការខូចខាតបន្ថែមទៀតឡើយ នៅឯទីតាំងចម្រាញ់ ក្នុងទីក្រុង Natanz ឬ Fordow។
លោក Grossi និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលលោកជាប្រធាននោះ នៅមុននេះបានរាយការណ៍ថា រោងចក្រចម្រាញ់ដ៏តូចបំផុតទាំង ៣ របស់អ៊ីរ៉ង់ ដែលជារោងចក្រចម្រាញ់សាកល្បងមានទីតាំងនៅលើដី នៅឯរចនាសម្ព័ន្ធអគារនុយក្លេអ៊ែរ នៅទីក្រុង Natanz ត្រូវបានធ្វើឲ្យខូចខាត។
បើទោះបីជាមិនមានសញ្ញានៃការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរោងចក្រចម្រាញ់រ៉ែក្រោមដីដ៏ធំ នៅទីក្រុង Natanz ក៏ដោយ ក៏ការផ្គត់ផ្គង់ថាមពលរបស់រោងចក្រនេះ ត្រូវបានបំផ្លាញ ដែលអាចនឹងធ្វើឲ្យខូចខាតដល់មជ្ឈមណ្ឌលចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម នៅទីនោះ។ ជាមួយគ្នានេះ ក៏គ្មានការខូចខាតត្រូវបានឃើញ នៅឯរោងចក្រ ក្នុងទីក្រុង Fordow ដែលមានទីតាំងនៅក្នុងភ្នំនោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់កិច្ចប្រជុំពិសេសមួយនៃក្រុមប្រឹក្សាអភិបាលរដ្ឋចំនួន ៣៥ របស់ទីភ្នាក់ងារ លោក Grossi បានប្រាប់ឲ្យដឹងថា៖ «មិនមានការខូចខាតបន្ថែម នៅទីតាំងរោងចក្រចម្រាញ់ឥន្ទនៈ ក្នុងទីក្រុង Natanz ចាប់តាំងពីមានការវាយប្រហារកាលពីថ្ងៃសុក្រ ដែលបានបំផ្លាញផ្នែកនៅលើដីនៃរោងចក្រចម្រាញ់ឥន្ធនៈសាកល្បង»៕