ក្រុមអាជ្ញាធរមន្ទីរពេទ្យនៅប្រទេសឥណ្ឌានិយាយនៅថ្ងៃចន្ទនេះថា ពួកគេបានកំណត់អត្តសញ្ញាណជនរងគ្រោះ ៨៧នាក់ ដែលបានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា កាលពីសប្តាហ៍មុន ។
លោក Rajnish Patel គឺជាវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យស៊ីវិល Ahmedabad និយាយនៅថ្ងៃចន្ទនេះថា មនុស្ស ៤៧គ្រួសារ បានមកទទួលសាកសពសាច់ញាតិរបស់ពួកគេ ដែលបានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះ ។
កម្មករសុខភាព ត្រូវបានគេមើលឃើញសែងក្តាមឈូសមានសាកសពជនរងគ្រោះ ដើម្បីប្រគល់ជូនសាច់ញាតិនៅក្នុងមន្ទីរពេទ្យ ។
គួរឲ្យដឹងថា ជើងហោះហើរ AI171ដែលធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស បានធ្លាក់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លើតំបន់រស់នៅរបស់អ្នកស្រុក ។
សាកសពមនុស្សយ៉ាងហោច ២៧៩នាក់ ត្រូវបានរកឃើញ ក្រោយយន្តហោះក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាដែលធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស បានធ្លាក់នៅទីក្រុងភាគខាងលិច Ahmedabad ប្រទេសឥណ្ឌា ស្របពេលដែលក្រុមជួយសង្រ្គោះបន្តប្រតិបត្តិការរុករកនៅកន្លែងជួបគ្រោះមហន្តរាយអាកាសចរណ៍ដ៏អាក្រក់បំផុតរបស់ឥណ្ឌា ។
យន្តហោះ Boeing 787 Dreamliner ដែលផ្ទុកមនុស្ស ២៤២នាក់ បានបាត់បង់រយៈកម្ពស់ ប៉ុន្មានវិនាទីប៉ុណ្ណោះ ក្រោយហោះឡើងកាលពីថ្ងៃព្រហស្បតិ៍ និងបានធ្លាក់លើតំបន់រស់នៅរបស់អ្នកស្រុក ដោយបានសម្លាប់មនុស្សទាំងអស់ នៅរស់តែម្នាក់នៅលើយន្តហោះ និងបានសម្លាប់មនុស្សជាង ២០នាក់ទៀតនៅលើដី ៕