នគរបាលនិយាយថា មនុស្ស ៣នាក់ ត្រូវបានសម្លាប់ រួមទាំងទារកម្នាក់ផងដែរ អំឡុងពិធីបុណ្យ WestFest កាលពីថ្ងៃអាទិត្យម្សិលមិញ នៅទីក្រុង West Valley រដ្ឋ Utah សហរដ្ឋអាមេរិក ។
ក្រុមអាជ្ញាធរនិយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា មនុស្ស ២ក្រុម បានឈ្លោះប្រកែកគ្នា ហើយពេលដែលនគរបាលទៅជិតពួកគេ យុវជនវ័យ ១៦ឆ្នាំម្នាក់ បានបើកការបាញ់រះដោយឥតញញើតដៃបណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ ។
នគរបាលនិយាយថា មនុស្ស ៣នាក់ដែលត្រូវបានសម្លាប់ រួមទាំងយុវជនអាយុ ១៨ឆ្នាំម្នាក់ ស្រ្តីវ័យ ៤១ឆ្នាំម្នាក់ ដែលជាអ្នកថ្មើរជើង និងទារកអាយុ ៨ខែម្នាក់ ។
ពួកគេបន្តថា មន្រ្តីនគរបាលម្នាក់ បានបាញ់តបត ប៉ុន្តែមិនត្រូវចំយុវជនឈាមរាវអាយុ ១៦ឆ្នាំនោះទេ ។ ជនសង្ស័យម្នាក់នេះ ត្រូវបានចាប់ខ្លួន ។
សូមបញ្ជាក់ថា ពិធីបុណ្យ WestFest ត្រូវបានគេចាត់ទុកថាពិធីបុណ្យប្រចាំឆ្នាំរំឭកដល់ការបង្កើតទីក្រុង West Valley និងការទទួលស្គាល់វប្បធម៌ជាច្រើនតំណាងឲ្យទីក្រុងទាំងមូល ៕