នាយករដ្ឋមន្ត្រី លោក Narendra Modi នៅថ្ងៃចន្ទ (ទី១៦ ខែមិថុនា) នេះ បាននិយាយថា ប្រទេសឥណ្ឌារំពឹងថា នឹងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប (EU) នៅចុងឆ្នាំនេះ ខណៈដែលប្រទេសស៊ីប ដែលកាន់តំណែងជាប្រធាន EU នៅឆ្នាំ២០២៦ បានប្រាប់ថា ទំនាក់ទំនងកាន់តែប្រសើរឡើង នឹងក្លាយជាអាទិភាពរបស់ខ្លួន។
ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់កោះមេឌីទែរ៉ាណេភាគខាងកើតមួយនេះ លោក Modi បានលើកឡើងថា លទ្ធភាព គឺគ្មានដែនកំណត់ ក្នុងការពង្រីកទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសស៊ីប ជាទស្សនកិច្ចមួយ ក្នុងគោលបំណងជំរុញរបៀបវារៈពាណិជ្ជកម្មពិភពលោករបស់ឥណ្ឌា។
អំឡុងពេលថ្លែងសុន្ទរកថារួមជាមួយប្រធានាធិបតីស៊ីប លោក Nikos Christodoulides លោក Modi បាននិយាយថា៖ «យើងកំពុងធ្វើការ ជុំវិញការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-សហភាពអឺរ៉ុប ដែលផ្ដល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក នៅចុងឆ្នាំនេះ»។
ប្រទេសឥណ្ឌាកំពុងជំរុញទំនាក់ទំនងពាណិជ្ជកម្ម តាមសមុទ្រ និងផ្លូវដែកដែលគេស្គាល់ថា ជាច្រករបៀងឥណ្ឌា-មជ្ឈិមបូព៌ា-អឺរ៉ុប ប៉ុន្តែដំណើរទស្សនកិច្ចនេះ កំពុងធ្វើឡើងក្រោមស្រមោលនៃវិបត្តិដែលកំពុងកើនឡើង នៅតំបន់មជ្ឈិមបូព៌ា។ លោក Modi បានបញ្ជាក់ថា យើងយល់ស្របថា ច្រករបៀងឥណ្ឌា-អឺរ៉ុប-មជ្ឈិមបូព៌ា នឹងបើកផ្លូវឲ្យមានសន្តិភាព និងវិបុលភាព ក្នុងតំបន់។
ចំណែកលោក Christodoulides បាននិយាយថា ប្រទេសស៊ីបដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយឥណ្ឌា តាមរយៈសមាជិកភាពរួមគ្នានៃក្រុម Commonwealth (សហធនរដ្ឋឯករាជ្យ) កំពុងផ្តល់នូវទីតាំង ក្នុងនាមជាកន្លែងឈប់សំចតដំបូងនៃការចូលទៅកាន់អឺរ៉ុប និងជាមជ្ឈមណ្ឌលដឹកជញ្ជូន៕