ក្រសួងការបរទេសប៉ូឡូញ បានប្រកាសថា ខ្លួននឹងជម្លៀសពលរដ្ឋប្រហែល ២០០នាក់ចេញពីប្រទេសអ៊ីស្រាអែល ដែលធ្វើឲ្យខ្លួនក្លាយជាប្រទេសសហភាពអឺរ៉ុប (EU) ដំបូងគេដែលមានវិធានការនេះ ខណៈដែលភាពតានតឹងជាមួយអ៊ីរ៉ង់ ឡើងកម្ដៅកាន់តែខ្លាំង។
នៅថ្ងៃចន្ទ (ទី១៦ ខែមិថុនា) នេះ អនុរដ្ឋមន្ត្រីការបរទេស លោកស្រី Henryka Mościcka-Dendys បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងរំពឹងថា យើងនឹងបញ្ចប់សព្វគ្រប់ក្នុងរយៈពេលប៉ុន្មានម៉ោង។ ការជម្លៀសនេះ នឹងផ្ដល់ក្ដីបារម្ភដល់អ្នកទេសចរ និងប្រជាជនប៉ូឡូញដែលកំពុងស្នាក់នៅអ៊ីស្រាអែលរយៈពេលខ្លី»។
បន្ទាប់ពីអ៊ីស្រាអែលបានវាយប្រហារទីតាំងនុយក្លេអ៊ែរ និងយោធារបស់អ៊ីរ៉ង់ កាលពីថ្ងៃសុក្រ (ទី១៣ ខែមិថុនា) ប្រទេសទាំង២ បានវាយប្រហារគ្នាទៅវិញទៅមកដោយមីស៊ីល និងយានដ្រូនជាបន្តបន្ទាប់។ ហើយបើយោងតាមអាជ្ញាធរនៃប្រទេសទាំង២ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៤នាក់ នៅអ៊ីស្រាអែល និង ២២៤នាក់ នៅអ៊ីរ៉ង់ បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារតាមអាកាស គិតត្រឹមល្ងាចថ្ងៃអាទិត្យ (ទី១៥ ខែមិថុនា)។
ហើយក្នុងពេលដែលប្រទេស EU ផ្សេងទៀត បានចេញសេចក្តីណែនាំ អំពីការធ្វើដំណើរ ដោយហាមឃាត់កុំឲ្យទៅអ៊ីស្រាអែល ប៉ូឡូញគឺជាប្រទេសដំបូងគេដែលចាត់វិធានការជម្លៀសពលរដ្ឋរបស់ខ្លួន។ ពួកគេនឹងធ្វើដំណើរតាមរថយន្តក្រុងទៅប្រទេសហ្ស៊កដានី ហើយបន្ទាប់មកហោះហើរទៅកាន់ក្រុងវ៉ាសូវី។ ដែនអាកាសអ៊ីស្រាអែល នៅតែបិទមិនឲ្យហោះហើរដដែល៕