មន្ត្រីអ៊ុយក្រែនបាននិយាយថា ប្រទេសអ៊ុយក្រែនបានទទួលសពទាហានរបស់ខ្លួនចំនួន ១,២៤៥នាក់ទៀតដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមជាមួយរុស្ស៊ី នាថ្ងៃចន្ទ (ទី១៦ ខែមិថុនា) នេះ ជាដំណាក់កាលចុងក្រោយ សម្រាប់ការធ្វើមាតុភូមិនិវត្តន៍នៃអដ្ឋិធាតុដែលបានព្រមព្រៀងគ្នា អំឡុងកិច្ចពិភាក្សានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Rustem Umerov បាននិយាយថា៖ «ថ្ងៃនេះជាដំណាក់កាលចុងក្រោយនៃការធ្វើមាតុភូមិនិវត្តន៍របស់ទាហានដែលបានបាត់បង់ជីវិត។ គិតចាប់តាំងពីសប្តាហ៍មុន នៅពេលដែលការអនុវត្តកិច្ចព្រមព្រៀងទីក្រុងអ៊ីស្តង់ប៊ុល បានចាប់ផ្តើម យើងបាននាំសពមកវិញជាង ៦.០០០នាក់»។
នេះជាការបញ្ជូនត្រលប់មកវិញដ៏ធំបំផុតមួយ សម្រាប់អ្នកស្លាប់ក្នុងសង្គ្រាម គិតចាប់តាំងពីរុស្ស៊ីបានបើកការលុកលុយពេញបន្ទុកលើអ៊ុយក្រែន កាលពីជាង ៣ឆ្នាំមុន។ ការប្រគល់អដ្ឋិធាតុទាហាន គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលសម្រេចបាន រវាងរុស្ស៊ី និងអ៊ុយក្រែន អំឡុងកិច្ចចរចាជុំទី២ នៅទីក្រុងអ៊ីស្តង់ប៊ុល នៅដើមខែនេះ។
ជំនួយការរបស់វិមានក្រឹមឡាំង គឺលោក Vladimir Medinsky ដែលជាប្រធានគណៈប្រតិភូរុស្ស៊ី ក្នុងកិច្ចចរចាសន្តិភាព បានប្រាប់ថា ទីក្រុងមូស្គូបានប្រគល់សពទាហានអ៊ុយក្រែន ៦.០៦០នាក់ទៅឲ្យទីក្រុងគីវ។ ហើយលោកបានបញ្ជាក់ថា រុស្ស៊ីបានទទួលអដ្ឋិធាតុទាហានរបស់ខ្លួន ៧៨នាក់ ជាថ្នូរវិញ៕