នៅថ្ងៃចន្ទនេះ ជនប៉ាឡេស្ទីននៅទីក្រុង Khan Younis បានជួបជុំគ្នានៅមន្ទីរពេទ្យ Nasser ដើម្បីកាន់ទុក្ខមនុស្សជាទីស្រលាញ់របស់ពួកគេ ដែលត្រូវបានសម្លាប់ ខណៈពេលរង់ចាំទទួលជំនួយនៅទីក្រុង Rafah ។
យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលហ្កាហ្សា បានឲ្យដឹងថា មនុស្សយ៉ាងហោច ២០នាក់ ត្រូវបានសម្លាប់ អំឡុងពេលតម្រង់ជួររង់ចាំជំនួយនាថ្ងៃចន្ទនេះ និងមនុស្សប្រហែល ២០០នាក់ផ្សេងទៀត បានរងរបួស ។
មុនពេលឧបទ្ទេវហេតុថ្ងៃចន្ទនេះ ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស និយាយថា មកទល់នឹងពេលនេះ មនុស្សយ៉ាងហោច ៣០០នាក់ ត្រូវបានសម្លាប់ និងមនុស្សជាង ២.៦០០នាក់ផ្សេងទៀត រងរបួស នៅជិតទីតាំងចែកចាយជំនួយ ចាប់តាំងពីមូលនិធិមនុស្សធម៌ហ្កាហ្សា ចាប់ផ្តើមប្រតិបត្តិការរបស់ពួកគេនៅហ្កាហ្សា ។
ខណៈពេលនោះដែរ ប្រធានក្រុមសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN) បានថ្កោលទោស សកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ឡោមព័ទ្ធហ្កាហ្សា ជាទីដែលការវាយប្រហារស្លាប់មនុស្សនៅតែបន្ត បើទោះបីជាប្រទេសមួយនេះ ផ្ទុះសង្រ្គាមជាមួយគូប្រជែងក្នុងតំបន់អ៊ីរ៉ង់ក៏ដោយ ៕