នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ពុំបានច្រានចោលទេចំពោះការប៉ុនប៉ងសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei ខណៈការប៉ះទង្គិចគ្នារវាងប្រទេសទាំងពីរនៅតែបន្តកើនឡើង។

អ៊ីស្រាអែល និងអ៊ីរ៉ង់ បាននិងកំពុងបើកការវាយប្រហារដាក់គ្នា ចាប់តាំងពីក្រុងហ្សេរុយសាឡឹមខាងលិច បានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរ និងយោធារបស់អ៊ីរ៉ង់ កាលពីថ្ងៃសុក្រសប្តាហ៍មុន ជាអ្វីដែលខ្លួនបានហៅថា ជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីទប់ស្កាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។
អ៊ីស្រាអែលក៏បានកំណត់គោលដៅលើតំបន់ជនស៊ីវិលផងដែរ ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើន ព្រមទាំងមានការវាយប្រហារលើទូរទស្សន៍រដ្ឋអ៊ីរ៉ង់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ សហរដ្ឋអាមេរិក ដែលបានចូលរួមក្នុងកិច្ចចរចានុយក្លេអ៊ែរសម្របសម្រួលដោយប្រទេសអូម៉ង់ជាមួយអ៊ីរ៉ង់ មុនពេលការវាយប្រហារនោះ បានយល់ព្រមលើប្រតិបត្តិការរបស់អ៊ីស្រាអែល។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ABC News កាលពីថ្ងៃចន្ទ លោក Netanyahu ត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថ្មីៗ ដែលអះអាងថា ប្រធានាធិបតីអាមេរិក Donald Trump បានច្រានចោលផែនការរបស់អ៊ីស្រាអែល ក្នុងការធ្វើឃាតមេដឹកនាំអ៊ីរ៉ង់ ដោយសារការព្រួយបារម្ភអំពីការកើនឡើងជម្លោះបន្ថែមទៀត។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានឆ្លើយតបថា វានឹងមិនធ្វើឱ្យជម្លោះកើនឡើងទេ តែនឹងធ្វើឲ្យជម្លោះបញ្ចប់ទៅវិញទេ។លោកបានអះអាងថាសង្រ្គាមឥតឈប់ គឺជាអ្វីដែលអ៊ីរ៉ង់ចង់បាន ហើយពួកគេកំពុងនាំពួកលោកទៅកាន់មាត់ជ្រោះនៃសង្រ្គាមនុយក្លេអ៊ែរ។ តាមពិតទៅ អ្វីដែលអ៊ីស្រាអែល កំពុងធ្វើគឺការទប់ស្កាត់ និងបញ្ចប់ការឈ្លានពាននេះ ។លោកថា មានតែការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ទេ ទើបអាចបញ្ចប់ជម្លោះបាន ៕


