អភិបាលក្រុង Los Angeles លោកស្រី Karen Bass បានកាត់បន្ថយម៉ោងបម្រាមគោចរនៅទីប្រជុំជនក្រុង ខណៈបាតុកម្មមានស្ថេរភាពឡើងវិញខ្លះៗបន្ទាប់ពីភាពចលាចលពេញមួយសប្តាហ៍ ដែលបង្កឡើងដោយការឆ្មក់បង្រ្កាបដែលមិនបានប្រកាសជាមុនពីទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ ICE របស់សហរដ្ឋអាមេរិក។

ចាប់ពីថ្ងៃចន្ទ (១៦ មិថុនា) តទៅ បម្រាមគោចរនឹងដំណើរការចាប់ពីម៉ោង ១០យប់ ដល់ម៉ោង ៦ព្រឹក (ពេលវេលានៅសហរដ្ឋអាមេរិក) ជំនួសឱ្យការរឹតត្បិតពីមុន។ ម៉ោងបម្រាមគោចរថ្មីនេះអនុវត្តចំពោះតំបន់ទីប្រជុំជន ដែលជាប់នឹងផ្លូវល្បឿនលឿនលេខ៥ លេខ១០ និងលេខ១១០។
លោកស្រី Bass បានប្រកាសបម្រាមគោចរជាលើកដំបូងកាលថ្ងៃអង្គារសប្ដាហ៍មុន ស្របពេលមានសេចក្តីរាយការណ៍ពីការបំផ្លិចបំផ្លាញ ការលួចប្លន់ និងការប្រឈមមុខដាក់គ្នាជាមួយនគរបាល ក្នុងអំឡុងពេលតវ៉ាប្រឆាំងនឹងគោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump និងការឆ្មក់បង្រ្កាបអន្តោប្រវេសន៍ដ៏ខ្លាំងក្លា លើអាជីវកម្មក្នុងស្រុក និងទីសាធារណៈផ្សេងទៀត។
អាជ្ញាធរនិយាយថា ការសម្រេចចិត្តបន្ធូរបម្រាមគោចរនេះ គឺដោយសារតែកម្រិតនៃភាពតានតឹងបានធូរស្រាលខ្លះ ហើយការសម្របសម្រួលរវាងបាតុកម្ម និងក្រុមអនុវត្តច្បាប់ ក៏ប្រសើរឡើងចាប់តាំងពីពេលនោះមក។ ប្រធាននាយកដ្ឋាននគរបាលក្រុង Los Angeles លោក Jim McDonnell បាននិយាយថា បម្រាមគោចរតិចជាងមុននេះឆ្លុះបញ្ចាំងពី "វឌ្ឍនភាពដែលបានធ្វើឡើងក្នុងការកាត់បន្ថយឧក្រិដ្ឋកម្ម និងការបំផ្លិចបំផ្លាញ" ប៉ុន្តែក៏ព្រមានថា មន្រ្តីនគរបាលនឹងបន្តរក្សាវត្តមានដ៏រឹងមាំនៅកណ្តាលទីក្រុង៕


