ក្រុមគ្រួសារជាច្រើនៅប្រទេសហៃទីបានត្អូញត្អែរពីការតស៊ូប្រចាំថ្ងៃរបស់ពួកគេក្នុងការស្វែងរកអាហារនៅប្រទេសនេះ ទន្ទឹមនឹងរបាយការណ៍របស់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ ១៦ មិថុនា បានព្រមានអំពីការកើនឡើងនៃភាពអត់ឃ្លានខ្លាំងក្នុងប្រទេសស្ថិតនៅតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ។

របាយការណ៍ដែលមានឈ្មោះថា "Hunger Hotspots" ចេញផ្សាយដោយអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានស្តីបន្ទោសជម្លោះ វិបត្តិសេដ្ឋកិច្ច និងគ្រោះថ្នាក់ទាក់ទងនឹងអាកាសធាតុសម្រាប់លក្ខខណ្ឌនានាក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត។
ដើម្បីឱ្យគ្រោះទុរភិក្សត្រូវបានប្រកាស យ៉ាងហោចណាស់ ២០% នៃចំនួនប្រជាជនក្នុងតំបន់មួយត្រូវតែទទួលរងការខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង ដោយ៣០% នៃកុមារមានកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ហើយមនុស្សពីរនាក់ក្នុងចំណោម១០.០០០នាក់ បានស្លាប់ជារៀងរាល់ថ្ងៃដោយសារភាពអត់ឃ្លាន ឬកង្វះអាហារូបត្ថម្ភ និងជំងឺផ្សេងៗ។
នៅហៃទី ខណៈអំពើហិង្សាបង្កឡើងដោយក្រុមប្រដាប់អាវុធជនអន្ធពាល បានបន្តកើនឡើងកាន់តែខ្លាំង បានធ្វើឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួន ដោយមានមនុស្ស៨.៤០០នាក់ ប្រឈមនឹងគ្រោះមហន្តរាយរួចទៅហើយ។
ក្នុងទីផ្សារមួយនៅរដ្ឋធានី ព័រ-អូ-ប្រាំង (Port-au-Prince) ក្រុមអ្នកស្រុកបានរៀបរាប់ពីទុក្ខលំបាករបស់ពួកគេ និងអារម្មណ៍នៃភាពអស់សង្ឃឹមដែលមនុស្សមួយចំនួនក្នុងប្រទេសនេះកំពុងជួបប្រទះ។
ក្រុមអ្នកជំនាញនិយាយថា បេសកកម្មសន្តិសុខនៅលើដីនៅទីនោះ ដឹកនាំដោយប្រទេសកេនយ៉ា ដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ គឺមិនគ្រប់គ្រាន់ដើម្បីលុបបំបាត់អំពើហិង្សារបស់ក្រុមប្រដាប់អាវុធនោះទេ៕


