ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនបាននិយាយថា លោកមានការព្រួយបារម្ភថា វីរុសបម្លែងខ្លួនថ្មី Omicron អាចធ្វើឲ្យហិរញ្ញវត្ថុរបស់ប្រទេសនេះខាតបង់ថែមទៀត។ លោក Rodrigo Duterte បាននិយាយនៅក្នុងកិច្ចប្រជុំតាមទូរទស្សន៍ជាមួយមន្ត្រីគណៈរដ្ឋមន្ត្រីថា មូលនិធិបន្ថែមគឺចាំបាច់ជាបន្ទាន់ដើម្បីដោះស្រាយការបំផ្លាញដ៏ធំនៃព្យុះទីហ្វុងរ៉ៃ។

នៅក្នុងប្រទេសហ្វីលីពីន ជាប្រទេសរងគ្រោះខ្លាំងបំផុតដោយជំងឺរាតត្បាតនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែករណីឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ពីករណីជាមធ្យម 22,000ករណីកាលពីបីខែមុន អំឡុងពេលដែលមានការកើនឡើងគួរឲ្យព្រួយបារម្ភដោយវីរុសបម្លែងខ្លួនថ្មី Delta ដែលករណីបានធ្លាក់មកនៅត្រឹមពីរបីរយករណីក្នុងប៉ុន្មានថ្ងៃថ្មីនេះ បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំង។ វិធានការរឹតត្បិតលើការធ្វើចត្តាឡីស័កត្រូវបានបន្ធូរបន្ថយ ដោយអនុញ្ញាតឱ្យប្រជាជនហ្វីលីពីនភាគច្រើនអាចត្រឡប់ទៅផ្សារទំនើបវិញ នៅមុនបុណ្យណូអែល និងចូលរួមពិធីនៅមុនថ្ងៃបុណ្យណូអែលនៅក្នុងព្រះវិហារនានា។
ការលេចឡើងនៃវីរុសបម្លែងខ្លួនថ្មី Omicron បានជំរុញឱ្យរដ្ឋាភិបាលហ្វីលីពីនរំលឹកឡើងវិញ នូវការសម្រេចដើម្បីបើកប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះឡើងវិញ ដល់ភ្ញៀវទេសចរបរទេសចាប់ពីថ្ងៃទី១ ខែធ្នូ និងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងបន្ថែមទៀត រួមទាំងការផ្តល់ការចាក់ដូសជំរុញ។ រហូតមកដល់ពេលនេះមនុស្សជាង 43លាននាក់ក្នុងចំណោម 110លាននាក់របស់ប្រទេសបានចាក់វ៉ាក់សាំង។ លោកប្រធានាធិបតី Rodrigo Duterte ព្រួយបារម្ភថា វីរុសបម្លែងខ្លួនថ្មី Omicron អាចជំរុញការផ្ទុះឡើងថ្មី ដែលអាចប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលបន្ថែមទៀត។ ជាពិសេសបន្ទាប់ពីព្យុះទីហ្វុងដ៏មានឥទ្ធិពលដែលបានសំលាប់មនុស្សរាប់រយនាក់ និងបានបំផ្លាញខេត្តភាគកណ្តាល និងភាគខាងត្បូងកាលពីសប្តាហ៍មុន៕
អត្ថបទ៖ ប៊ុនថន