រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កំពុងពិចារណាលើវិធានការមួយ ដែលអាចដាក់បន្ថែមជិត ៣ដងនៃចំនួនប្រទេសនានាទូទាំងពិភពលោកទៅក្នុងបញ្ជីហាមឃាត់ធ្វើដំណើរ នេះបើយោងតាមអនុស្សរណៈរបស់ក្រសួងការបរទេសអាមេរិក ដែលទទួលបានដោយសារព័ត៌មាន NPR។ ប្រទេសរហូតដល់ទៅ ៣៦ទៀត អាចត្រូវបានដាក់បន្ថែមទៅក្នុងបញ្ជី ១៩ប្រទេស ដែលជាប់ការរឹតបន្តឹងទាំងស្រុង ឬមួយផ្នែកនៅដើមខែនេះ។

អនុស្សរណៈទៅកាន់អ្នកការទូតក្នុងប្រទេសអាហ្រ្វិកជាង ២០ រួមជាមួយនឹងប្រទេសផ្សេងទៀតនៅអាស៊ីកណ្តាល តំបន់ការ៉ាអ៊ីប និងបណ្តាប្រទេសកោះប៉ាស៊ីហ្វិកជាច្រើន បានទាមទារឱ្យប្រទេសទាំងនោះចេញសេចក្ដីលម្អិតនៅថ្ងៃពុធ (១៨ មិថុនា) សប្ដាហ៍នេះ ទៅលើវិធីសាស្រ្តដែលពួកគេនឹងចាប់ផ្តើមដោះស្រាយកង្វល់របស់សហរដ្ឋអាមេរិក និងគោរពតាមចំណុចទាមទារថ្មីរបស់ក្រសួងការបរទេស។
អនុស្សរណៈ ដែលចុះហត្ថលេខាដោយរដ្ឋមន្រ្តីការបរទេស លោក Marco Rubio និងបានផ្ញើទៅអ្នកការទូតសហរដ្ឋអាមេរិក កាលថ្ងៃសៅរ៍ (១៤ មិថុនា) នោះបាននិយាយថា រដ្ឋាភិបាលនៃប្រទេសដែលស្ថិតបញ្ជីហាមប្រាមធ្វើដំណើរទាំងនោះ មានពេល ៦០ថ្ងៃ ដើម្បីបំពេញតាមចំណុចតម្រូវថ្មី ដែលបង្កើតឡើងដោយក្រសួងការបរទេស។
ក្រសួងនេះបានចោទប្រកាន់ថា ប្រទេសមួយចំនួនដែលបានលើកឡើងនោះ មិនបានបំពេញតាមស្តង់ដារផ្សេងៗ ដូចជា “ពុំមានអាជ្ញាធររដ្ឋាភិបាលកណ្តាលដែលមានសមត្ថភាព ឬការសហការ” ដើម្បីផ្តល់ឯកសារអត្តសញ្ញាណដែលអាចទុកចិត្តបាន ឬប្រជាពលរដ្ឋមួយចំនួនធំដែលបានបំពានលក្ខខណ្ឌនៃទិដ្ឋាការរបស់ពួកគេ៕

