ព័ត៌មានដែលថារដ្ឋបាល លោក Trump កំពុងពិចារណាពង្រីកការរឹតត្បិតការធ្វើដំណើររបស់សហរដ្ឋអាមេរិក ដើម្បីដាក់បញ្ចូលប្រទេសចំនួន៣៦បន្ថែមទៀត ដោយប្រទេសជាច្រើននៅក្នុងទ្វីបអាហ្រ្វិក កំពុងមានប្រតិកម្មយ៉ាងខ្លាំងនៅទូទាំងទ្វីបនេះ។

យោងតាមបណ្តញសារផ្ទៃក្នុងរបស់ក្រសួងការបរទេសដែលបានឃើញដោយសារព័ត៌មាន Reuters បានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងថ្លឹងថ្លែងបម្រាមថ្មីចូលទៅក្នុងប្រទេសនេះ ជុំវិញក្តីបារម្ភពីសន្តិសុខជាតិ។ សេចក្តីព្រាងអនុស្សរណៈបញ្ជាក់ថា ប្រទេសនានាដែលខកខានពុំបានបំពេញតាមស្តង់ដារស្តីពីសន្តិសុខលិខិតឆ្លងដែន កិច្ចសហប្រតិបត្តិការលើការនិរទេស និងកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្ម អាចប្រឈម នឹងការរឹតត្បិតការធ្វើដំណើរពេញលេញ ឬដោយផ្នែក។

នៅប្រទេសហ្សំាប៊ី អ្នកវិភាគនយោបាយលោកបណ្ឌិត Euston Chiputa បាននិយាយថា បម្រាមដែលបានស្នើឡើងអាចជាមធ្យោបាយមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោន ដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលនានាឱ្យសហការលើការអនុវត្តច្បាប់អន្តោប្រវេសន៍។ លោកនិយាយថា «វាប្រហែលជាមានអានុភាពក្នុងការចង់ឱ្យរដ្ឋាភិបាលហ្សំាប៊ី ចូលរួមជាមួយរដ្ឋាភិបាលអាមេរិកក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនានាដែលរដ្ឋាភិបាលអាមេរិក អាចមាន។
សំណើចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីមានការប្រកាសកាលពីដើមខែនេះ ដែលបានរារាំងការចូលសម្រាប់ពលរដ្ឋមកពីប្រទេសចំនួន១២ ដោយលើកឡើងពីតម្រូវការដើម្បីការពារសហរដ្ឋអាមេរិកពី «ភេរវករបរទេស» និងការគំរាមកំហែងផ្សេងៗទៀត។